(កំពង់ធំ)៖ ដើម្បីបង្កើនសមត្ថភាពយល់ដឹង ឲ្យកាន់តែប្រសើរឡើង ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក ជា អឿង
អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ធំ និងលោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកវគ្គអប់រំនយោបាយ សម្រាប់ស្រុកប្រាសាទបល្ល័ង្កជំនាន់ទី១ ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៨-១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក ទូច សុខា អភិបាលស្រុកប្រាសាទបល្ល័ង្ក បានធ្វើរបាយការណ៍ទាក់ទង នឹងការបើកវគ្គបំប៉នសមត្ថភាព ដើម្បីឲ្យមានភាពរីកចម្រើន និងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោក សុក ផេង បានថ្លែងថា យុវជនឃុំទាំងអស់ត្រូវអនុវត្តទៅតាមយុទ្ធសាស្ត្រ និងយុទ្ធវិធីដោយបត់បែន ទៅតាមកាលៈទេសៈ របស់ប្រទេសជាតិ ទៅតាមឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ បន្ថែមពីនេះ លោក ជា អឿង បានបញ្ជាក់ថា ការបើកវគ្គបំប៉នសមត្ថភាពនេះ មានគោលបំណងចង់ឲ្យយុវជនមានសមត្ថភាព និងការយល់ដឹងអំពីការអប់រំនយោបាយរបស់បក្ស។

លោកថា ​យុវជនត្រូវពិនិត្យ សង្កេត ពិចារណា ស្វែងយល់ ថ្លឹងថ្លែងរកនូវចំណុចល្អ ចំណុចខ្វះខាត និងខិតខំរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ហើយសិក្ខាកាមទាំងអស់ ត្រូវសិក្សាស្វែងយល់ និងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេស ធ្វើបទបង្ហាញពីចំណុចល្អៗ សម្រាប់ធ្វើជាបទពិសោធន៍ យកទៅអនុវត្តក្នុងជីវភាពរស់នៅ និងយកទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួន។ ជាចុងបញ្ចប់ លោកក៏បានឧបត្ថម្ភជាថវិកា ១លានរៀន ផងដែរ ដើម្បីដំណើរការវគ្គបំប៉ននេះ៕