(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិឲ្យធនាគារវឌ្ឍនៈ លីមីធីត បម្រើសេវាប្រមូលពន្ធគ្រប់ប្រភេទ ក្នុងនាមអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ការចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើសេវាកម្មរបស់ធនាគារ វឌ្ឍនៈ លីមីធីត សម្រាប់ប្រតិបត្តិការចំណូលគ្រប់ប្រភេទ ដែលប្រមូលដោយ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អនុវត្តទូទាំងប្រទេសនេះ រៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងក្រសួងសេដ្ឋកិច្ច និងធនាគារវឌ្ឍនៈ។  

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា «នេះជាទិសដៅមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបើកចំហរឲ្យធនាគារឯកជន ផ្តល់សេវាទទួលប្រាក់ពន្ធក្នុងនាម អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ ដើម្បីប្រមូលពន្ធចូលរដ្ឋ ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព»

លោកបន្តថា «ការផ្តល់សិទ្ធិបម្រើសេវាប្រមូលពន្ធនេះ គឺជាការពង្រឹងការសេវាជូនអតិថិជន ក៏ដូចជាអ្នកជាប់ពន្ធ ដោយអ្នកជាប់ពន្ធអាច មានភាពងាយស្រួលថែមទៀត ប្រសិនបើអ្នកជាប់ពន្ធ មានគណនីនៅធនាគារវឌ្ឍនៈ ពួកគាត់អាចផ្ទេរប្រាក់ទាំងនោះ មកបង់ពន្ធក្នុងធនាគារវឌ្ឍនៈតែម្តង ដោយពុំចាំបាច់ធ្វើការផ្ទេរប្រាក់ ទៅក្រៅនោះទេ ។ ដូច្នេះហើយវាជាការងាយស្រួលមួយកម្រិត ដល់អ្នកជាប់ពន្ធ ដែលជាការធ្វើឲ្យប្រសើរឡើង នូវការប្រមូលពន្ធផងដែរ»

សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានផ្តល់សិទ្ធិក្នុងការផ្តល់សេវា ប្រមូលចំណូលពន្ធដូចនេះ ដល់ធនាគារកាណាឌីយ៉ា ធនាគារអេស៉ីលីដា ធនាគារកម្ពុជាសាធារណៈជាដើម៕