(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យើងកំពុងតែបើកទំព័រប្រវត្តិសាស្ត្រថ្មី លើការងារគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា តាមរយៈការបង្កើត របៀប អភិរក្សជីវៈចម្រុះ សម្រាប់ប្រព័ន្ធតំបន់ការពារធម្មជាតិ។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់បន្ថែមទៀត លើភាពចាំបាច់ និងសារៈប្រយោជន៍នៃការរៀបចំក្រមបរិស្ថាន ការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រង តំបន់ការពារ និងអភិរក្សធម្មជាតិ និងការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដោយតភ្ជាប់តំបន់ការពារធម្មជាតិទាំង ៤៥ តំបន់ ឱ្យទៅជាតំបន់របៀងអភិរក្សចំនួន៥ ដែលរួមមាន៖ ១. របៀងអភិរក្សជីវៈចម្រុះខាងត្បូងបឹងទន្លេសាប ២. របៀងអភិរក្សជីវៈចម្រុះខាងជើងបឹងទន្លេសាប ៣. របៀងអភិរក្សជីវៈចម្រុះខាងកើតទន្លេមេគង្គ ៤. តំបន់ឧទ្យានសមុទ្រនិងកោះ និង ៥. តំបន់បឹងទន្លេសាបនិងទន្លេមេគង្គ។

លោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការបង្កើតរបៀងអភិរក្សជីវៈចម្រុះសម្រាប់ប្រព័ន្ធតំបន់ ការពារធម្មជាតិ» ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន គណៈអភិបាលខេត្ត មន្ទីរបរិស្ថាន នាយកតំបន់ការពារធម្មជាតិ មន្ត្រីជំនាញ គ្រឹះស្ថានឧត្តមសិក្សា អង្គការមិនមែនរដ្ឋាភិបាល ដៃគូ អភិវឌ្ឍន៍ សហគមន៍ និងវិស័យឯកជន សរុបចំនួន ២១៦នាក់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងក្រោមគំនិតផ្តួចផ្តើម របស់ក្រសួងបរិស្ថាន ក្នុងគោលបំណង ពិនិត្យពិភាក្សា ប្រមូលផ្តុំមតិយោបល់ និងសម្រេចលើសំណើបង្កើតរបៀងអភិរក្សជីវៈចម្រុះដើម្បីធានាសុវត្ថិភាព ប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ការពារធម្មជាតិ តាមរយៈការតភ្ជាប់តំបន់ការពារទាំងអស់ ជាលក្ខណៈរបៀងអភិរក្សជីវៈចម្រុះ ស្របតាមមុខងារ និងសេវាកម្មនៃប្រព័ន្ធអេកូឡូស៊ី សំដៅឆ្លើយតបនឹងកំណែទម្រង់លើ វិស័យបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។

លោក សាយ សំអាល់ ក៏បានស្នើឱ្យអង្គសិក្ខាសាលាទាំងមូល ពិនិត្យផ្តល់យោបល់ ដើម្បីឱ្យសំណើបង្កើតរបៀងខាងលើ ទទួលបានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ជាពិសេសការចូលរួមពីសហគមន៍មូលដ្ឋាន ដែល ឆ្លុះឱ្យឃើញនូវការអនុវត្តប្រជាធិបតេយ្យតាមបែបវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖​ «ព្រឹត្តិការណ៍ថ្ងៃនេះឆ្លុះឱ្យឃើញនូវការរៀបចំឡើងវិញនូវរបៀបរបបដឹកនាំ និងការ គ្រប់គ្រងលើវិស័យបរិស្ថាន និងធនធានធម្មជាតិ និងជាការដាស់តឿនកែប្រែផ្នត់គំនិតនិងឥរិយាបថពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ស្ថាប័នមានសមត្ថកិច្ច និងការចូលរួមពីគ្រប់មជ្ឈដ្ឋាន»