(ភ្នំពេញ)៖ បារខែម ជាព្រឹត្ដិការជួបជុំប្រចាំឆ្នាំរបស់អ្នកជំនាញ IT វ័យក្មេង អ្នកគំនិតច្នៃប្រឌិតថ្មីក្នុងសង្គម អ្នកបង្កើតគេហទំព័រ និងទូរស័ព្ទដៃ អ្នកសរសេរប្លុក ម្ចាស់អាជីវកម្ម សហគ្រិន អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងនិស្សិតនានា ដើម្បីរៀនសូត្រ និងចែករំលែកទម្រង់ថ្មីនៃការច្នៃប្រឌិតក្នុងសង្គម ដោយផ្អែកលើបច្ចេកវិទ្យានិងឧបករណ៍ ដែលផ្តល់ភាពចាំបាច់ដល់បុគ្គល និងអង្គការនានា។

ដោយសារប្រជាប្រិយភាពរបស់ខ្លួន នៅក្នុងឆ្នាំនេះបារខែមភ្នំពេញបានប្តូរឈ្មោះទៅជាបារខែមអាស៊ានឆ្នាំ២០១៦ ដែលមានការចូលរួមពីវាគ្មិន មកពីទូទាំងតំបន់អាស៊ី ។

ក្នុងនាមជា Gold Sponsor របស់បារខែមអាស៊ានឆ្នាំ២០១៦ ក្រុមហ៊ុន អ៊ីហ្ស៊ីខម មានសេចក្តីត្រេកអរយ៉ាងក្រៃលែង ដែលព្រឹត្តិការណ៍នេះ​បានរីកដុះដាលដល់តំបន់អាស៊ី និងត្រូវបានទទួលស្គាល់ដោយអ្នកចូលរួមទាំងក្នុង និងក្រៅប្រទេស។

លោក Yves Schaeffer អគ្គនាយកក្រុមហ៊ុន អ៊ីហ្ស៊ីខម បានថ្លែងថា «ការខិតខំប្រឹងប្រែងបែបនេះ បាននាំយកភាពប្រកួតប្រជែង ដល់កម្ពុជា ទៅកាន់ទីផ្សារអាស៊ាន រួមទាំងទីផ្សារទូរគមនាគមន៍ពិភពលោកផងដែរ»

លោកបានបន្តទៀតថា «ក្រុមហ៊ុន អ៊ីហ្ស៊ីខម ប្តេជ្ញាចិត្តចូលរួមចំណែកដល់សហគមន៍កម្ពុជា តាមរយៈការទទួលខុសត្រូវសង្គម ដូច្នេះហើយ យើងជឿជាក់ថា ព្រឹត្តការណ៍បារខែម ជាចំណែកមួយយ៉ាងធំ ក្នុងការលើកកម្ពស់ចំណេះដឹងបច្ចេកវិទ្យា ការច្នៃប្រឌិត និងសហគ្រិនភាព សម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ»

គួរបញ្ជាក់ថា បារខែមឆ្នាំ២០១៦ ក៏បានប្រារព្ធធ្វើនៅសាកលវិទ្យាល័យន័រតុនផងដែរ កាលពីថ្ងៃទី៤ ដល់ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបង្ហាញនូវបច្ចេកវិទ្យាថ្មីៗទៀ ហើយបារខែមភ្នំពេញ ត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.fb.com/BarCampPP or http://www.barcampphnompenh.org