(ភ្នំពេញ)៖ ទីបំផុត ! សាលាដំបូងក្រុងភ្នំពេញ នៅប៉ុន្មាននាទីមុននេះ បា​នសម្រេចពិន័យប្រាក់ លោក សម​ រង្ស៉ី ១០លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្ត ទៅជនរងគ្រោះ ១៥លានរៀល ពាក់ព័ន្ធនឹងករណីបរិហារសម្តេចតេជោ ហ៊ុន សែន ទិញ Like ក្លែងក្លាយ នៅលើបណ្តាញសង្គម Facebook ដើម្បីបង្កើនប្រជាប្រិយភាព។

សវនាការនៃសំណុំរឿងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមាន លោក អ៉ឹម វណ្ណៈ ជាចៅក្រម ជំនុំជម្រះ។ ក្នុងសវនាការនោះ លោក សោម សឿន ដែលជាម្ចាស់បណ្តឹងតំណាងសម្តេចតេជោ ហ៊ុន សែនស្នើឱ្យ តុលាការផ្តន្ទាទោស លោក សម រង្ស៊ី តាមច្បាប់និងទាមទារសំណងជំងឺចិត្តចំនួន២០លានរៀល។

ប៉ុន្តែទោះជាយ៉ាងណា តុលាការគ្រាន់តែចោទប្រកាន់ លោក សម រង្ស៉ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈតែប៉ុណ្ណោះ​ ដែលបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ»​ នេះ មិនតម្រូវឱ្យជាប់ពន្ធនាគារនោះទេ។

គួរ​រំឮក​ថា​ កាលពីថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៦​ លោក​ សោម​ សឿន​ អាយុ​៦៤ឆ្នាំ​ ជា​រដ្ឋមន្ត្រី​អម​នាយករដ្ឋ​​មន្ត្រី​ បាន​ប្តឹង​លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ភ្ជាប់​ការ​បង្ហោះ​ផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម​ រង្ស៊ី​ កាលពី​ថ្ងៃទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​សម​ រង្ស៊ី​ (​Sam Rainsy) ​បាន​បង្ហោះ​អត្ថបទ​ ដែល​មាន​ខ្លឹមសារ​មូលបង្កាច់ខុស​ពី​ការ​ពិត​ ដែល​ចោទ​ប្រកាន់​ លោក​ សោម​ សឿន​ ថា​ បាន​ណែនាំ​ដល់​មន្ត្រី​ អ្នក​គាំទ្រ​ និង​បណ្តាញ​ រួម​ទាំង​មន្ត្រី​រាជការ​ស៊ី​វិល​ ប៉ូលិស​និង​ទាហាន​ ដើម្បី​បង្កើត​គណនី​ក្លែងក្លាយ​ ក្នុង​គោលបំណង​ផ្តល់​ការ​ Like សិប្បនិម្មិត​ដល់​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​ការ​អត្ថាធិប្បាយ​ ថា​ Like មួយ​ចំនួន​ធំ​ដែល​បង្ហាញ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេច​ គឺ​បាន​មក​ពី​ការ​ទិញ​ ឬ​ ជួល​មនុស្ស​ក្រីក្រ​ ដែល​អត់​ការងារ​ធ្វើ​ឲ្យ​បង្កើត​ Accounts (គណនី​)​ Facebook ក្លែងក្លាយ​ដើម្បី​ផ្ដល់​ Like សិប្បនិម្មិត​ ក្លែង​បន្លំ​ជូន​សម្ដេច​។

ក្នុង​ពាក្យ​បណ្ដឹង​ បាន​ចាត់​ទុក​ថា​ ការ​បង្ហោះ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំ​ជាតិ​ និង​លោក​ សោម​ សឿន​ យ៉ាង​ធ្ងន់ធ្ងរ​៕