(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឲ្យមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវលប់បំបាត់ឲ្យអស់រាល់សកម្មភាពកោងកាច និងកែប្រែឥរិយាបថមិនគប្បីទាំងឡាយ ក្នុងការចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។  

ក្នុងកិច្ចប្រជុំអំពីការងារដីធ្លី និងសំណង់ ជាមួយប្រធានមន្ទីរ និងប្រធានភូមិបាលខណ្ឌ-ស្រុក ទូទាំងរាជធានី-ខេត្ត នាថ្ងៃទី០៨ ខែវិច្ឆិកានេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានណែនាំដល់ប្រ​ធានមន្ទីរាជធានី-ខេត្ត និងប្រធានភូមបាលក្រុង-ស្រុក-ខណ្ឌ ត្រូវពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី  ក៏បានផ្ដល់អនុសាសន៍ដល់មន្រ្តីខាងលើ ត្រូវចុះដោះស្រាយវិវាទដីធ្លី ជូនប្រជាពលរដ្ឋឲ្យភ្លៀងរលឹម និងសកម្មបំផុត ពិសេសត្រូវពឹងផ្អែកទៅលើ​គោលការណ៍​ច្បាប់ជាធរមាន ឲ្យបានត្រឹមត្រូវ ចៀសវាងការប្រព្រឹត្តខុសឆ្គង ដោយប្រការណាមួយ ដែលបង្កឲ្យមានការខឹងសម្បាពីប្រជាពលរដ្ឋ ព្រោះកន្លងមក ដោយសារបញ្ហាទាំងនេះហើយ ទើបនាំទៅដល់ការ​ដកហូត ឫផ្លាស់ប្ដូរតំណែងរបស់ប្រធានមន្ទីរ និងមន្រ្តីមុនៗ។

ទង្វើមិនគប្បីទាំងនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ហាមឃាត់យ៉ាងដាច់ខាត មិនឲ្យមន្រ្តីទាំងនោះ ប្រព្រឹត្តឡើងបន្តទៀតនោះទេ ត្រូវងាកមកប្រកាន់យកឥរិយាបថ ចេះគោរពស្រឡាញ់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទាំងប្រទេស។

សូមជម្រាបថា កាលពីពេលកន្លងទៅជាបន្តបន្ទាប់ ក្រសួងរៀបចំដែនដី បានធ្វើការដកហូត និងផ្លាស់ប្ដូរតំណែងរបស់ប្រធានមន្ទីរ និងមន្រ្តីក្រោមឱវាទមួយចំនួន ដោយសាររងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕