(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជាក្នុងការរួមចំណែកកសាងអភិវឌ្ឍន៍កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បែបនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

នៅចំពោះលោក Ingo Karsten សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មីប្រចាំកម្ពុជា និងជូនពរឱ្យបំពេញបេសកកម្មការទូត បានជោគជ័យនៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តែងភាព រីករាយនិងស្វាគមន៍ចំពោះទំនាក់ទំនងល្អ របស់ប្រទេសអាល្លឺម៉ង់ តាំងពីប្រទេសនៅចែកជាពីរ គឺអាល្លឺម៉ង់ខាងលិច និងខាងកើត។ រហូតមកទល់ពេលនេះ ប្រទេស អាល្លឺម៉ង់ នៅបានបន្តជួយកម្ពុជា ទាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យកសិកម្ម។ សម្តេចតេជោមានជំនឿយ៉ាងមុតមាំថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលអាចពង្រីក និង ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាកាន់តែខ្លាំងឡើងបាន ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ចដែលនាំផលប្រយោជន៍ សម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Ingo Karsten បានគោរពជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី អំពីបេសកកម្មការទូតរបស់លោកមកកាន់កម្ពុជាពេលនេះ គឺពិតជាមានកិត្តិយសណាស់ ហើយលោកនឹង ចូលរួម ចំណែកពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យ នយោបាយ សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងការអភិវឌ្ឍលើវិស័យផ្សេងៗជាច្រើនទៀត។ 

លោក Ingo Karsten សម្តែងភាពកក់កក្តៅចំពោះការទទួលរាក់ទាក់ស្និទស្នាល របស់ប្រជាជន និងមន្ត្រីកម្ពុជា ព្រមទាំងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកសង្ឃឹមថាតាម រយៈបរិយាកាសទាំងនេះ លោកនឹងមានឱកាស ពង្រីក និងពង្រឹងកាន់តែខ្លាំងឡើងថែមទៀត​ នូវកិច្ចសហប្រតិបត្តិការកម្ពុជាអាល្លឺម៉ង់ ជាពិសេសលើសក្តានុពលទាំងឡាយ ដែលប្រទេសទាំងពីរ កំពុងមាន។

ភាគីអាល្លឺម៉ង់ រីករាយក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសយុវជន និងក្នុងវិស័យកសិកម្ម។ ទន្ទឹមនឹងនោះក៏នឹងជួយជំរុញវិស័យទេសចរណ៍មកកម្ពុជាផងដែរ ព្រោះពលរដ្ឋអាល្លឺម៉ង់ភាគច្រើន គឺជាអ្នកចូលចិត្តទេសចរណ៍ក្រៅប្រទេស។

ទន្ទឹមនឹងនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញលោក Ingo Karsten ឲ្យចូលរួមនៅក្នុងពិធីបុណ្យអុំទូកខាងមុខ ដើម្បីឲ្យលោកបានស្គាល់ប្រពៃណីទំនៀមទម្លាប់ដ៏ល្អ របស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងពេលប្រទេសជាតិ មានសន្តិភាពពេញលេញ៕