(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចមូលដ្ឋានបញ្ជូនម្ចាស់សិប្បកម្មផលិតទឹកកក ដែលធ្លាយធុងហ្គាស់មានជិតអាម៉ូញ៉ាក់ ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ចំពោះគ្រោះថ្នាក់សង្គមមួយនេះ ដែលបានប៉ះពាល់ដល់ប្រជាលរដ្ឋ និងសិស្សសាលា រហូតមានអ្នកសន្លប់ចំនួន៧នាក់ ក្នុងនោះមន្រ្តីនគរបាលពន្លត់អគ្គិភ័យ៤នាក់ផងដែរ។ នេះបើយោងតាមលោក ឌី រ័ត្នខេរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅកន្លែងកើតហេតុនោះ។

សូមបញ្ជាក់ថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានករណីផ្ទុះឧស្ម័នហ្គាស់ អាម៉ូញ៉ាក់ របស់សិប្បកម្មផលិតទឹកកកដែលគ្មានយីហោច្បាស់លាស់មួយនេះស្ថិតមុខផ្សារ PC តាមផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា «សម្រាប់គ្រោះហេតុការណ៍មួយនេះ បានបណ្តាលឲ្យក្រុមការងារពន្លត់បង្ការអគ្គិភ័យ ដែលចូលជួយអន្តរាគមន៍រងរបួសធ្ងន់២នាក់ របួសស្រាល២នាក់ និងកម្មកររងបួសស្រាល៣នាក់ សរុប៧នាក់ ដោយសារស្រូបក្លិនអាម៉ូញ៉ាក់ចូលផ្លូវដង្ហើម ដែលវាអាចប៉ះពាល់សួត និងខួរឆ្អឹងខ្នង ខ្លាំងបំផុត»

បើតាមអភិបាលរងខណ្ឌមានជ័យ សម្រាប់ប្រតិបត្តិការពន្លត់ និងជួយអន្តរាគមន៍ហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះមានរថយន្តអាវុធហត្ថរាជធានីចំនួន៣គ្រឿងផងដែរ។

លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ថា «អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ហើយប្រជាពលរដ្ឋរស់នៅក្បែរខាង ត្រូវបានអាជ្ញាធរជម្លៀសចេញពីផ្ទះ ដើម្បីកុំឲ្យស្រូបក្លិនឧស្ម័ននេះនាំឲ្យមានគ្រោះថ្នាក់»។ លោកថា មូលហេតុដែលនាំកើតមានគ្រោះថ្នាក់នេះ គឺមកពីម្ចាស់សិប្បកម្មបានហៅជាងផ្សារទុយោមកជួសជុល ទុយោចាស់ៗ ប្តូរទុយោថ្មីវិញរួចតែធ្វើ រួចជាងនោះ ភ្លេចបិតហ្គាស់ក៏បណ្តាលឲ្យធ្លាយឧស្ម័ននេះតែម្តង។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទីតាំងឈ្មោះ លោកស្រី អ៊ុក ណាវី ជនជាតិវៀតណាម និងមេកាម្នាក់ទៀត ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍នគរបាលបឹងទំពន់ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៀតតាមផ្លូវច្បាប់៕