(ភ្នំពេញ)៖ ក្រោយបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ និងប្រធានគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ លោក គួច ចំរើន ឲ្យបង្ក្រាបល្បែងសីុសង​តាមមូលដ្ឋាននោះ កម្លាំងនគរបាលខណ្ឌដូនពេញ បានបន្តប្រតិបត្តិការចុះទៅបង្ក្រាបល្បែងកន្ទុយលេខមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតលុយសរុបជាង ៥០០ដុល្លារ ព្រមទាំងវត្ថុតាងមួយចំនួនទៀតដែលបម្រើឲ្យបើកល្បែងសីុសងមួយនេះ។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ការបង្ក្រាបល្បែងសីុសងមួយនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ច្រកឌឿងហែមគីម សឺុង ផ្លូវលេខ១៤៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

លោក ហួត ចាន់យ៉ារ៉ាន់ បានបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវចាប់ខ្លួនរួមមាន៖ ទី១-ឈ្មោះ ជា ប៊ុនណាត ភេទស្រីអាយុ68ឆ្នាំជនជាតិ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ១២២E២Z ផ្លូវលេខ ១៣០ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (អ្នកទទួលកត់ឆ្នោត) និងទី២-ឈ្មោះ អឹុងស្រីមុំ ភេទស្រីអាយុ50ឆ្នាំ  មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៥ ផ្លូវ លេខ១៤៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។

បើតាមលោកអធិការវត្ថុតាងដែលដកហូតរួមមាន៖ លុយ ១៨១ដុល្លារ, ១៣៥០,០០០ រៀល, ម៉ាសុីនហ្វាក់ចំនួន១គ្រឿង, ម៉ាសុីនគិតលេខចំនួន២គ្រឿង, ក្រដាស់កត់ភ្នាល់លេខឆ្នោតមួយចំនួន, ក្រដាស់ចេញលទ្ធផលឆ្នោតមួយដុំ រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។

សម្រាប់ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូន និងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៀត៕