(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែវិច្ឆិកានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីកាំកុងត្រូល រួមមានលោក ម៉ក ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យ និងស្វែងរកអង្ករប្លាស្ទិក នៅកន្លែងលក់អង្ករនៅមុខស្ថានីយ៍ រថភ្លើងស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែជាលទ្ធផល ពុំមានរកឃើញអង្ករប្លាស្ទិកឡើយ។

ក្នុងឱកាសចុះពិនិត្យ និងជួបសំណេះសំណាលជាមួយបងប្អូន ពូមីង ដែលលក់អង្ករ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានពន្យល់ ណែនាំឲ្យអ្នកលក់ទាំង គោរពក្រមសីលធម៌ លក់អង្ករដែលមានគុណភាពល្អ ហើយពន្យល់អ្នកទិញថា គ្មានអង្ករប្លាស្ទិកនៅកម្ពុជា ដូចការលើកឡើង ឬបង្ហោះនៅក្នុង Facebook ឡើយ ការបង្ហោះនៅគឺគ្រាន់តែជាចេតនាបង្កភាពចលាចលសង្គមប៉ុណ្ណោះ។

ជាមួយគ្នានេះ អ្នកលក់អង្ករទាំងនោះ បានឲ្យដឹងថា ពួកគាត់លក់អង្ករ រយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលឃើញមានអង្ករប្លាស្ទិក ដោយការលើកឡើងឡើយ ហើយពួកគាត់ក៏បានពន្យល់ដល់អ្នកទិញផងដែរ។

សូមជម្រាបថា ក្រោយមានការផ្សាយក្នុង Facebook អំពីការពិសោធន៍អង្ករ ដោយអះអាងថា ជាអង្ករប្លាស្ទិករួចមក ទាំងមន្ត្រីកាំកុងត្រូល ទាំងក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សុទ្ធតែបានស្វះស្វែងរកអង្ករ ដែលសង្ស័យនោះ មកពិសោធន៍ ដោយរកឃើញមិនមែនជាអង្ករប្លាស្ទិកឡើយ គឺជាអង្ករធម្មតា៕