(សេអ៊ូល)៖ ការស្ទង់មតិមួយបានបង្ហាញថា ប្រជាប្រិយភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានជួបការធ្លាក់ចុះជាបន្តបន្ទាប់ ទោះបីជាលោកស្រីបានធ្វើការសូមអភ័យទោសជាលើកទីពីរ ចំពោះសាធារណជនកូរ៉េខាងត្បូងក៏ដោយ ជុំវិញរឿងអាស្រូវនយោបាយ ដែលមានជាប់ពាក់ព័ន្ធនឹងមិត្តភក្តិដ៏ជិតស្និទ្ធបំផុត និងមនុស្សជំនិតមួយចំនួនទៀតរបស់លោកស្រីប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នាយប់ថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

បើតាមការស្ទង់មតិដោយ Realmeter ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទដល់សុក្រសប្តាហ៍មុន លោកស្រី ផាក គឺនហេ មានសំឡេងគាំទ្រចំនួន១១.៥ភាគរយ ដែលបានធ្លាក់ចុះចំនួន ៧.៥ភាគរយ ពីសប្តាហ៍មុនមួយទៀត រីឯការស្ទង់មតិ Gallup Korea វិញដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍ដដែលវិញបានបង្ហាញថា អត្រានៃចំនួនអ្នកគាំទ្រលោកស្រី ផាក នៅសល់មិនដល់ ៥ភាគរយផង ហើយអត្រានេះគឺទាបជាងគេបំផុត មិនធ្លាប់មានចំពោះប្រធានាធិបតីកូរ៉េខាងត្បូងពីមុនៗ នោះឡើយ ដែលវាបានបន្តថយចុះជាលំដាប់នៅក្នុង រយៈពេលប្រាំសប្តាហ៍ចុងក្រោយនេះ ចាប់តាំងតែពីរឿងអាស្រូវជុំវិញស្រ្តីឈ្មោះ Choi Soon-sil ជាមិត្តភក្តិ រាប់ទសវត្សរ៍របស់លោកស្រី ផាក គឺនហេ បានផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ដែរថា ស្រ្តីឈ្មោះ Choi Soon-sil គឺជាមនុស្សដ៏ជិតស្និតបំផុតដែលតែងតែបាននៅក្បែរដើម្បីគាំទ្រ និងផ្តល់កម្លាំងចិត្តជានិច្ចអំឡុងពេលដែលលោកស្រី ផាក គឺនហេ កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុត គឺនៅពេលដែលម្តាយលោកស្រីត្រូវបានគេធ្វើឃាតកាលពីឆ្នាំ១៩៧៤ និងក្រោយមកឪពុករបស់លោកស្រី ជាបុគ្គលដ៏មានឥទ្ធិពលមួយរូបនៅក្នុងជួរយោធាកូរ៉េខាងត្បូង ក៏ត្រូវបានមនុស្សជំនិតធ្វើឃាតផងដែរកាលពី ឆ្នាំ១៩៧៩ ខណៈចំណងមិត្តភាពរវាង Park និង Choi បានចាប់ផ្តើមតាំងតែពីពាក់កណ្តាលទសវត្សរ៍ទី៧០មកម៉្លេះ៕