(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនង​ជាមួយរដ្ឋសភា ព្រឹទ្ធសភា និង​អធិ​ការ​កិច្ច និងជាប្រធានក្រុម​​ការងារថ្នាក់ជាតិចុះ​ជួយរាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន​អញ្ជើញ​​ចុះជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់​ជាតិចុះ​ជួយ​ខណ្ឌ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ ថ្នាក់​​ដឹកនាំខណ្ឌ សង្កាត់ទាំង៨ និងភូមិ នៅក្នុងខណ្ឌ​ច្បារអំពៅ ដើម្បីបានស្វែងយល់​ផ្ទាល់ ចំពោះ​វឌ្ឍនៈ​ភាព​របស់​ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ ដែលខ្លួន​ទទួល​ខុសត្រូវ មានបញ្ហាប្រឈមអ្វីខ្លះ ដើម្បី​រួមគ្នា​ដោះ​ស្រាយ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានធ្វើរបាយការណ៏ស្តីពីលទ្ធផលដែល​បានធ្វើកន្លងមកនិងស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយ​រួមនៃការចុះ​ឈ្មោះបោះឆ្នោត និងការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុងមូលដ្ឋាន។ ជាពិសេសការលើកទឹក ចិត្តប្រជាជនឲ្យទៅចុះឈ្មោះបោះ ឆ្នោត សម្រាប់ការចូលរួមបោះឆ្នោត​ក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ និងការចូលរួមបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្តឆ្នាំ២០១៨។ ជាមួយគ្នានោះដែរ អាជ្ញាធរខណ្ឌបានបង្កើន​សកម្មភាពផ្តល់អត្តសញ្ញាណ​ប្រភេទថ្មីជូន​ប្រជាជនតាមមូលដ្ឋាន សម្រាប់ប្រើប្រាស់ទៅចុះឈ្មោះបោះ​ឆ្នោតដែលកំពុង​ដំណើរការចុះឈ្មោះ។

សាលាខណ្ឌបានធ្វើវេទិកា សាធា រណៈក្នុងរយៈពេល៨ខែឆ្នាំ២០១៦ នៅតាមសង្កាត់ជាច្រើនលើក ដើម្បីដោះស្រាយបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងបញ្ហាសំណង់ បញ្ហាសំរាម ។ សម្រាប់ការងារការងារសន្តិសុខ សុវត្ថិភាព ជូន​ប្រជា​ពលរដ្ឋ លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០១៦នេះ គណៈបញ្ជាការ​ឯក​ភាព​ខណ្ឌ បានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស បានល្អប្រសើរ។

លោកស្រី ម៉ែន សំអន  បានថ្លែងនូវការកោតសរសើរចំពោះការខិត​ខំ​ប្រឹង​ប្រែងរួមគ្នា ទាំងក្រុមការងារថ្នាក់ជាតិចុះ​ជួយខណ្ឌទាំងអស់ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ ភូមិ និងកងកម្លាំង​មាន​សមត្ថកិច្ចទាំង​អស់ ដែលបានរួមចំណែកជួយ​ក្នុងការអនុវត្ត​នូវ​នយោ​បាយ ដែលរាជរដ្ឋាភិបាល បានដាក់ចុះ​អោយ​អនុវត្ត បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ ហើយយើងមើលឃើញថា នយោបាយដែលរាជរដ្ឋាភិ​បាល បាន​ផ្តល់​ជូន​នេះ គឺច្រើនណាស់ រួមមាន បញ្ហាសុខសន្តិភាព បញ្ហាស្ថេរភាពនយោបាយ ហើយយើងបានរួមគ្នា ទាំង​កម្លាំងកាយ កម្លាំងចិត្ត កម្លាំងហិរញ្ញវត្ថុ ដើម្បីការអភិវឌ្ឍន៍​តាមមូលដ្ឋានភូមិសង្កាត់ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សំដៅ​ធ្វើអោយក្នុងសង្កាត់យើងនីមួយៗ ប្រជាពលរដ្ឋ មានភាពកក់ក្តៅ មានទំនុកចិត្ត និងមានការជឿជាក់ មកលើ​ការ​ដឹក​នាំ​រ​បស់យើងគ្រប់ជាន់ថ្នាក់ ពិសេសបញ្ហា​ភូមិសង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច។ ជាមួយនេះ លោកស្រី​ឧប​នាយក​រដ្ឋមន្ត្រី ក៏បានអរគុណចំពោះថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដែលបានទទួលយកនិងដោះស្រាយនូវរាល់​សំណើរ និងសំណូមពរ​រ​បស់​ខណ្ឌ-សង្កាត់ និងបានដោះស្រាយជូនបាន​ទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់ប្រជា​ពល​​រដ្ឋ​យើង។ លោកស្រី បញ្ជាក់ថា បញ្ហាការបំរើដល់ប្រជាពលរដ្ឋយើងនេះ​ យើងពិនិត្យអំពីការធានា​ការ​អនុវត្ត នូវ​យុទ្ធ​សាស្ត្រចតុកោណ ដែលក្នុងអាណត្តិទី៥ មកដល់ពេលនេះ គឺជាឆ្នាំទី៣ ឈានចូលទី៤ហើយ ឆ្នាំ២០១៧ និង​២០១៨​ជិតមកដល់ហើយ ដូច្នេះយើងមានព្រឹត្តការណ៍នយោបាយ២ គឺការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ដែលជាព្រឹត្តការណ៍នយោបាយសម្រាប់យើង​ទាំងអស់គ្នា ត្រូវប្រឹងប្រែងខិតខំ ប្តេជ្ញា​ថែម​ទៀត ដើម្បីអោយប្រជាពលរដ្ឋ លោកបាន​មើលឃើញថាតើ យើងបានបំរើអ្វីគាត់ខ្លះ យើងនៅកៀកកិត​ជាមួយ​គាត់​យ៉ាងម៉ិចខ្លះ ដើម្បីគាត់វាយតម្លៃប្រកប​ដោយភាពយុត្តិធម៌ ចំពោះរាជរដ្ឋាភិបាល ដែលបានបំរើនូវសេចក្តី​ត្រូវការ​ ទាំងស្មារតី ទាំងសម្ភារៈ ទាំងកិច្ចការអភិវឌ្ឍន៍ ជូនដល់ប្រជាពលរដ្ឋយើងនៅតាមសង្កាត់ ក៏ដូចជាតាមភូមិ។  លោកស្រី​សូមអោយអាជ្ញាធរបន្តសកម្មភាពបម្រើសេវាជូនប្រជាជន ទៅតាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអោយប្រជាជន ទទួលបានទំនុកចិត្ត សុវត្ថិភាពរបស់គាត់ ។

សូមបញ្ជាក់ថា ​ខណ្ឌ​ច្បារអំពៅ ជាខណ្ឌទី៥ ដែលលោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ចុះមកជួបសំណេះសំណាល ជាមួយក្រុមការងារថ្នាក់ជាតិចុះ​ជួយខណ្ឌ ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ និងភូមិ បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាល តែងតាំងជាប្រធានក្រុម​ការងារថ្នាក់​ជាតិ​ចុះ​ជួយ​រាជ​​ធានីភ្នំពេញ ។

លោកស្រី ក៏បានបន្តទៀតថា ដើម្បីឲ្យការបំរើសេវាសាធារណៈ​ដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព គឺអាអាជ្ញាធរមូលដ្ឋានត្រូវនៅកៀក​កិតជាមួយគាត់​ដោយបន្តធ្វើឲ្យ​បានទូលំទូ​លាយ ធ្វើឲ្យបានស៊ីជម្រៅ ធ្វើឲ្យបានឆ្ងាយ​ហ្នឹង និងមានប្រសិទ្ធិភាព ដើម្បីបំរើនូវសេចក្តីត្រូវការ​រ​បស់ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន និងចូលរួមអនុវត្ត​តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រ​ជាជនទទួល​បានទំនុកចិត្ត និងការទទួលបាន​នូវសុខសុវត្ថិភាព​ក្នុងការរស់នៅ៕