(កំពង់ស្ពឺ)៖ ក្រសួងធនធានរ៉ែ និងថាមពល រួមសហការជាមួយអង្គការ JICA  នៅព្រឹកថ្ងៃទី៧ ខែវិឆ្ឆិកា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី​ការគ្រប់គ្រងរំសេវផ្ទុះ​នៅតាមបណ្តាការដ្ឋាន​ផលិតថ្មនានា សំដៅធ្វើការផ្សព្វផ្សាយច្បាប់​គ្រប់គ្រងប្រភេទ​នៃរំសេវ ទ្រឹស្តីនៃការបំផ្ទុះ​ការគូស​ប្លង់​បំផ្ទុះ​បែប Benchcut (ប៊ែនខាត់) ការជះឥទ្ធិពលដល់បរិស្ថាន​តាមរយៈ​ការបំផ្ទុះ​និងគ្រោះថ្នាក់តាមរយៈ​ការបំផ្ទុះ និងប្រភេទនៃរំសេវ ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក អឹុង ឌីប៉ូឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ អ្នកជំនាញការអង្គការ JICA ប្រចាំនៅអគ្គនាយកដ្ឋាន​ក្រសួងធនធានរ៉ែ និងអ្នកពាក់ព័ន្ធ​មកពីបណ្តារក្រុមហ៊ុន​សហគ្រាសផលិតថ្ម ខេត្តកំពង់ស្ពឺ, កណ្តាល, កំពត, ព្រៃវែង, កំពង់ចាម, ស្ទឹងត្រែង, និងអ្នកពាក់ព័ន្ធដ៏ទៃទៀត មានចំនួន ៥០នាក់។  

លោក  អ៉ឹង ឌីប៉ូឡា បានថ្លែងថាការគ្រប់គ្រងរំសេវ ផ្ទុះនៅពេលនេះ ក្នុងគោលបំណង​ចង់អោយអ្នកប្រើប្រាស់មានការយល់ដឹង កាន់តែស៊ីជម្រៅលើភាព​ចាំបាច់នៃ​ការគ្រប់គ្រង​រំសេវផ្ទុះដើម្បីរក្សា​បាននូវសុវត្ថិភាព​សាធារណៈ ទប់ស្កាត់ការគ្រោះ​ថ្នាក់តាមរយៈ​រំសេវ  ដែលក្នុងច្បាប់មានការកំហិត​នូវការផលិត​ប្រភេទរំសេវ ការលក់ ការរក្សាទុកការដឹកជញ្ជូន និងការប្រើប្រាស់  ។

លោកអ៉ឹង ឌីប៉ូឡា បានបន្តទៀតថា «ខ្ញុំសូមសំណូមពរអោយអ្នកចូលរួមទាំងអស់ ត្រូវសិក្សាស្វែងយល់​បន្ថែមទៀត​លើរាល់ខ្លឹម​សារផ្សព្វផ្សាយ​ស្តីពី ច្បាប់ស្តីពីការគ្រប់គ្រង​រំសេវផ្ទុះ  ប្រយោជន៍​សម្រាប់ក្រុមហ៊ុន​សហគ្រាស​នីមួយៗ យល់ដឹងកាន់តែខ្ពស់ រាល់បទបញ្ញត្តិ និងកំហិតនានាធានា​ការអនុវត្តន៍​ស្របតាមនិយម​ន័យដែលច្បាប់ បានកំណត់»