(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់កីឡាករអុំទូក ដែលនឹងត្រូវមកចូលរួមប្រណាំងទូក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ត្រូវចៀសវាងការទៅរកសេវាផ្លូវភេទ នាំឲ្យប្រឈមនឹងការនាំយកជំងឺអេដស៍ត្រឡប់ទៅផ្ទះវិញ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ជិត ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «ហើយសុំផ្តាំទៅចំណុះទូកគ្រប់ទីកន្លែងទាំងអស់ ដែលអញ្ជើញមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ រក្សាសណ្តាប់ធ្នាប់ ហើយអ្វីដែលស្នើសុំធំមុនគេ គឺសុំកុំទៅរកកន្លែងដែលនាំជំងឺស្រាលត្រឡប់ទៅវិញ ជាពិសេសគឺជំងឺអេដស៍»

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំផ្ញើទៅដល់ចំណុះទូកទាំងអស់មុនឡើងមករាជធានីភ្នំពេញ ត្រូវទៅដាក់ទឹកស្រែឲ្យបានត្រឹមត្រូវកុំឲ្យប៉ះពាល់ និងខូចដំណាំស្រូវ។

បន្ទាប់ពីការខកខានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៥ ដោយសារតែកម្រិតទឹកទាបនោះ នៅឆ្នាំ២០១៦នេះ ការប្រារព្ធព្រះរាជពិធី ដែលជាប្រពៃណីរបស់ខ្មែរ នឹងត្រូវប្រារព្ធឡើងវិញជាធម្មតាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ យោងតាមគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិ បានឲ្យដឹងថា មានទូកងចំនួន ២៥៦ទូក ហើយមានកីឡាករជាង ១៦,០០០នាក់ នឹងចូលរួមប្រកួតប្រជែងនៅក្នុងឆ្នាំនេះ។

អាជ្ញាធរប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យរហូតដល់ទៅជាង ២០ម៉ឺនស្រោម ទុកចែកជូនអ្នកចូលរួមបុណ្យអុំទូក សម្រាប់ពួកគេប្រើប្រាស់ប្រសិនបើឈានទៅដល់មានដៃគូរួមភេទ ដើម្បីបង្កាជំងឺផ្សេងៗ រួមទាំងជំងឺអេដស៍ផងដែរ។ ជាមួយគ្នានេះ កងកម្លាំងសមត្ថកិច្ច បានត្រៀមដាក់ពង្រាងកម្លាំងរហូតដល់ទៅជាងមួយម៉ឺននាក់ ដើម្បីរក្សាសន្តិសុខសណ្តាប់៕