(រ៉ង់ហ្គូន)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស របស់មីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi នៅថ្ងៃអង្គារនេះ បានធ្វើដំណើរចាកចេញពីមាតុភូមិរបស់ខ្លួនហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការ រយៈពេល០៥ថ្ងៃ ទៅកាន់ប្រទេសជប៉ុន។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០១៦នេះ។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទីមួយ សម្រាប់លោកស្រី Suu Kyi ទៅកាន់ជប៉ុន បន្ទាប់ពីរដ្ឋាភិបាលថ្មី បានឡើងកាន់អំណាច កាលពីខែមេសា ឆ្នាំ២០១៦នេះ។ នៅអំឡុងពេលលោកស្រី ស្នាក់នៅជប៉ុន លោកស្រីត្រូវបានគេរំពឹងថា នឹងធ្វើជំនួបជាមួយលោកនាយករដ្ឋមន្ត្រី Shinzo Abe និងជួបជាមួយព្រះចៅអធិរាជ​ Akihito និងព្រះអធិរាជិនី Michiko។

ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នា លើបញ្ហាពលករនៃប្រទេសទាំងពីរ។ នេះបើតាមមន្ទីរពលករមីយ៉ាន់ម៉ា បានបញ្ជាក់យ៉ាងដូច្នេះ។

ដំណើរទស្សនកិច្ច របស់លោកស្រី Suu Kyi បានធ្វើឡើងក្រោយរយៈពេល០៥ខែ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានធ្វើដំណើរទស្សនៈកិច្ចផ្លូវការ ទៅកាន់មីយ៉ាន់ម៉ា​ កាលពីខែឧសភា។​

យោងតាមស្ថិតិផ្លូវការបានបង្ហាញថា ការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា មានចំនួនទឹកប្រាក់៦៧៤.២២៧លានដុល្លារសហរដ្ឋអាមេរិក ក្នុង៨៨គម្រោង ដោយគិតចាប់តាំងពីចុងឆ្នាំ១៩៨៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៦នេះ បានជាប់ចំណាត់ថ្នាក់ទី១១ នៃការវិនិយោគបរទេសធំជាងគេ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕