(តាកែវ)៖ សាច់ត្រីដែលមានសារធាតុគីមីនាំចូលមកប្រទេសកម្ពុជា យកមកធ្វើប្រហុកចំនួនជិត៤តោន ដែលត្រូវព្រះរាជអាជ្ញារងខេត្តតាកែវ ដឹកនាំមន្រ្តីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនចុះទៅចាប់ដល់ទីតាំងនៅក្នុងឃុំអង្កាញ់ ស្រុកទ្រាំង កាលពីទី២៨តុលាថ្ងៃមកនេះ ត្រូវបានអាជ្ញាធរខេត្តតាកែវធ្វើការដុតកម្ទេចចោល នៅសាលាឃុំអង្កាញ់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ត្រីប្រហុកចំនួនប្រមាណជិត៤តោន​ ដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានមន្រ្តីរបស់លោកធ្វើតេស្តឃើញសាធាតុគីមីហាមឃាត់ ដូច្នោះដើម្បីកុំអោយត្រីប្រហុកទាំងអស់នេះ ធ្វើចរាចរណ៏នៅលើទីផ្សារ ដែលនាំអោយប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ អាជ្ញាធរខេត្តតាកែវ បានសម្រេចធ្វើការដុតកម្ទេចចោលប្រហុកទាំងនេះចោលតែម្ដង។

លោក ប៉ោ លាង់គង់ បានបន្តថា មន្រ្តីកាំកុងត្រូលរបស់លោកនិងបន្តយុទ្ធនាការដ៏ក្ដៅគគុកនេះបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាបំបាត់អោយអស់ ចំពោះការនាំត្រីរ៉ស់ ពីប្រទេសវៀតណាមដែលមានសាធាតុគីមី យកមកធ្វើប្រហុកលក់ចែកចាយលើទីផ្សារ ហើយបើមានទីតាំងណានៅបន្តនាំត្រីពីវៀតណាម យកមកធ្វើប្រហុកតទៅទៀត យើងនិងមិនអត់ឱនអោយនោះទេ ពោលយើងនិងមានវិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងចំពោះពួកគេជាក់ជាពុំខាន៕