(ពិភពលោក)​៖ ក្រុមអង្គការការពារសិទ្ធិមនុស្សច្រើនជាង៧០ បានរិះគន់យ៉ាងខ្លំាង ព្រមទំាងស្នើឱ្យស្ថាបនិកក្រុមហ៊ុន Facebook ​លោក Mark Zuckerberg ពន្យល់ពីគោលនយោបាយរបស់ខ្លួនក្នុងការលុបចេញនូវមាតិកា ឬ រូបភាពមួយចំនួនដែលពាក់ព័ន្ធនឹងអំពើហឹង្សារបស់ប៉ូលិស និងការរំលោភសិទ្ធិមនុស្ស។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងលិខិតផ្ញើជូន លោក ​Mark Zuckerberg ​ក្រុមអង្គការសង្គមស៊ីវិលទំាងនេះ បានលើកឡើងថា «នៅពេលជនងាយរងគ្រោះនៅក្នុងសង្គមប្រើប្រាស់ វេទិកាបណ្ដាញទំនាក់ទំនងសង្គមរបស់អ្នក ដើម្បីបង្ហាញពីភាពអយុត្តិធម៌ណាមួយ Facebook គួរតែការពារហេតុផលរបស់ពួកគេ»

គួររំលឹកថា កាលពីខែកញ្ញា កន្លងទៅ ភាពចម្រូងចម្រាស់បានផ្ទុះឡើង នៅបន្ទាប់ពីក្រុមហ៊ុន Facebook បាន សម្រេចចិត្តលុបការបង្ហោះជាលើកដំបូង របស់នាយករដ្ឋមន្ត្រី ណ័កវ៉េ លោកស្រី Erna Solberg ​ស្ដីពីរូបភាពក្មេងស្រីវៀតណាមម្នាក់​​ ដែលរត់គេចចេញពីការទម្លាក់គ្រាប់បែកនៅក្នុងតំបន់ «Napalm Girl» នៅអំឡុងសង្រ្គាមវៀតណាម ប៉ុន្តែក្រោយមក Facebook បានសម្រេចអនុញ្ញាតឲ្យបង្ហោះឡើងវិញ៕