(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋាន សហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម ១៩នាក់ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបញ្ជាក់ថា កម្លាំងជំនាញរបស់លោក បន្ដឃាត់ខ្លួនជនជាតិវៀត​ណាម​១៩នាក់ ក្នុងស្រី៣នាក់ នៅចំណុច​ភូមិចំរើនផល៣ ផ្លូវប្រឡាយទឹក សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលចូលមករស់នៅដោយគ្មានច្បាប់អនុញ្ញាតិ។

ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង បណ្ដេញចេញពីកម្ពុជា៕