(ព្រះសីហនុ)៖ ពិតជាគ្រោះថ្នាក់ណាស់ សម្រាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើង នៅថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ២០១៦​ វេលាម៉ោង​ ១២៖៣០នាទី​ បង្កដោយរថយន្តដឹកទំនិញ១គ្រឿង ដែលអ្នកបើករថយន្ត បានផឹកស្រាស្រវឹងឡើងជោគខ្លួន ហើយបានរេចង្កូតពេញផ្លូវ ក៏ទៅបុកនឹងរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ដែលមានទិសដៅបញ្រ្ចាស់គ្នា បណ្ដាលឲ្យក្រឡាប់ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៣៤-១៣៥ ស្ថិត​នៅ​ក្នុង​ភូមិសម្តេចតា ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។  

 មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កដោយរថយន្តដឹកទំនិញ១គ្រឿង បើកបរដោយឈ្មោះ ឃុត រ៉ាវុទ្ធ អាយុ២៨ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ (មានជាតិអាល់កុលក្នុងខ្លួន 0,89mg/L ) មានទិសដៅពី ភ្នំពេញ ឆ្ពោះមក ក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ បានរេចង្កូតពេញផ្លូវទៅបុកនឹងរថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង ដែលមានទិសដៅបញ្រ្ចាសគ្នា បណ្ដាលឲ្យក្រឡាប់តែម្តង ប៉ុន្ដែគ្រោះថ្នាក់​នេះពុំបណ្ដាលឲ្យមានអ្នករងរបួសទេ។

មន្រ្តីនគរបាល បានបានបន្ថែមទៀតថា ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះ ហើយបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី។ សម្រាប់វត្ថុតាងរថយន្តទាំង០២គ្រឿងនេះ ត្រូវបានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕