(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការនគរបាលក្រុង ការក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យ​៤នាក់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ដែលជាប់ពាក់ព័ន្ធក្នុងករណីលួចម៉ូតូ។

លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យទាំង៤ដែលឃាត់ខ្លួនបាននេះ ពាក់ព័ន្ធក្នុងករណីលួចម៉ូតូមួយគ្រឿង ​កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានម្ចាស់ឈ្មោះ យ៉ែម សុផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ ធ្វើការនៅសណ្ឋាគារលើភ្នំ។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួន ទី១-ឈ្មោះ ​ស្វាយ ធូ អាយុ២២ឆ្នាំ (សមគំនិតទទួលផល) ទី២-ឈ្មោះ សៀង សៀន​ អាយុ២១ឆ្នាំ (សមគំនិតទទួលផល) ធ្វើការនៅហាងម្ល់ជ្រៃប៉ោលកី ទី៣-ឈ្មោះ ម៉េង យានិកា អាយុ៣៥ឆ្នាំ (ទទួលផល) សន្តិសុខកាស៊ីណូ «ដឹរីច រីសត» និងទី៤-ឈ្មោះជុំ ដានី ​អាយុ២០ឆ្នាំ (សមគំនិតទទួលផល) រីឯជនសង្ស័យដែលជា អ្នកធ្វើសកម្មភាព ឈ្មោះ ភា កំពុងរត់គេចខ្លួន​។ ក្រោយប្រតិបត្តិការ កម្លាំងនគរបាលជំនាញ ដកហូតបាន ម៉ូតូ១គ្រឿង ម៉ាក Honda Dream C110 (សង់ប៊ិច) ពណ៌ខ្មៅ។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដ៕