(កំពង់ឆ្នាំង)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ របស់​​ប្រជាពលរដ្ឋឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងពាំនាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកជូន​​ដល់​​ប្រជាពលរដ្ឋ និង កសាងសមិទ្ធផលនានា នៅក្នុងវត្តសំរោងសែន។

អំណោយដែលលោក ជា ចាន់តូ ចុះចែកជូនរួមមាន ប្រគេនដល់វត្តសំរោងសែនសម្រាប់កសាង សមិទ្ធផលនានាជាថវិកាចំនួន៥លាន​រៀល រួមទាំងគ្រឿងឧបភោគ បរិភោគជាច្រើនមុខទៀត ផ្ដល់ជូនថវិកាចំនួន១លានរៀល សម្រាប់កសាងអគារថ្នាក់មត្តេយ្យសិក្សា និង១លានរៀលទៀត សម្រាប់កសាងចេតិយរួម និងបានចែកជូនថវិកា ក្រណាត់ស និង សារុង ជូនដល់លោកយាយ  លោកតា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។

សូមបញ្ជាក់ស្រុកកំពង់លែង គឺជាស្រុកមួយដែលដាច់ស្រយាល នៅរដូវវស្សាស្រុកនេះ ដូចជាកូនកោះមួយ ដែលអណ្ដែតកណ្ដាលផ្ទៃបឹងទន្លេសាប លើផ្ទៃដីចំនួន ៤៤៤៥ហិកតា មានប្រជាពលរដ្ឋរស់នៅចំនួន ៤០៥គ្រួសារ ស្មើនឹង ២០៧៧នាក់ និងមានមុខរបរ ធ្វើស្រែប្រាំង និងនេសាទ ហើយឃុំនេះ ៦ខែលិចទឹក និង៦ខែគោក៕