(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ នៅវិទ្យាល័យស្វាយរៀង ដែលមានសិស្សានុសិស្សចូលរួមប្រមាណជាង ៣,៥០០នាក់ ។

ស្ថិតក្នុងឱកាសដ៏មានអត្ថន័យបន្ទាប់ពីអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្ស​ឲ្យខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួន​ជាទំពាំង​ស្នង​ឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ព្រមទាំងត្រូវចូលរួមគោរ​ព​ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ ។

ក្នុងឱកាសនោះដែរ  លោកអភិបាលខេត្ត ក៏បានផ្ដល់កិត្តិយសបិទ និងចែកស្ទីកឃ័រចំណាំងផ្លាតចរាចរណ៍ ចំនួន ២.០០០សន្លឹក ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ៕