(ភ្នំពេញ)៖ «យើងបានប្តេជ្ញាហើយថា មិនទុកឲ្យកូនចៅយើងណាម្នាក់ ស្ថិតនៅក្រៅ ឬមិនបានទទួលសេវាអប់រំឡើយ»។ នេះជាការលើកឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ នៅវិទ្យាល័យបាក់ទូក នាព្រឹកថ្ងៃទី០១ វិច្ឆិកានេះ ។

លោកបានបន្តទៀតថា ការសិក្សារៀនសូត្រ មិនត្រឹមតែអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែជាការងារមួយតម្រូវឲ្យ មានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ​ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តាបុពលសម្រាប់ការអភិវឌ្ឍសង្គមឲ្យមានការរីកចម្រើន។

ក្នុងឱកាសនោះដែរលោក ប៉ា សុជាតិវង្ស​ អភិបាលរាជធានីភ្នំពេញ បានថ្លែងថា សាលារាជធានីតែងតែគិតគូយកចិត្តទុកដាក់ជារៀងរាល់ឆ្នាំនិង អំពាវនាវឲ្យប្រជាពលរដ្ឋ នាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដានការសិក្សាកូនចៅឲ្យបានច្បាស់លាស់។

គួរបញ្ជាក់ថានេះជាឆ្នាំទី៣ នៃការកំណែទម្រង់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ របស់ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសិស្សយកចិត្តទុកដាក់រៀនសូត្រ ក្នុងន័យអ្នកចេះជាប់៕