(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីសាខារាជធានីភ្នំពេញ សហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរ ​គណៈកម្មាការផ្សារដើមគរ នៅ​ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះមកពិនិត្យ លើគុណភាព ផ្អក ប្រហុក នៅក្នុងតូបលក់ក្នុងផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយសង្ស័យមានលាយលំ ជាមួយសារជាតិមិនប្រក្រតីមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខ​ភាពរបស់បងប្អូនប្រជាពលរដ្ឋ ពេលទិញយកទៅទទួលទាន។

ប្រតិបត្តិការនេះ ​ដឹកនាំពីលោក គង់ វុទ្ធី អនុប្រធាសាខាកាំកុងត្រូលផែស្ងួតចុងទីរាជធានីភ្នំពេញ និងដោយមានការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស និងលោក ពេញ ភារម្យ ប្រធានសាខាផែស្ងួតចុងរាជធានីភ្នំពេញ​។

លោក គង់ វុទ្ធី ឲ្យដឹងថា ការចុះត្រួតពិនិត្យមើលនៅពេលនេះ​ ​ក្នុងគោលដៅត្រួតពិនិត្រលើគុណភាព សរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិត​ប្រហុក​ ប្រអក​ នឹង​ សាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់ បន្លែ ផ្លែឈើស្រស់​ ជាពិសេសប្រអក​ នឹងប្រហុក​ ដែលមានលាយលំ ម្សៅស និង​ទឹកអន្សា (Borax) ដែលសារជាតិទាំងនេះ ពេលលាយលំចូល​ធ្វើឲ្យប៉ះពាល់ដល់សិរីរាង្គកាយមួយចំនួនធំ នៅក្នុងប្រព័ន្ធផ្នែកខាងក្នុង នៃសារពាង្គកាយមនុស្សម្នាក់ៗ ដូចជា ក្រពះ ក្រលែន និងលំពែងជាដើម ពិសេសប្រសិនបើ​ទទួលទាន​សារជាតិទាំងនេះលើសពី ៥ក្រាមឡើងទៅ នឹងអាចបណ្តាលឲ្យ ក្អួតឈាម ស្លាប់បានក្នុងពេលដ៏ខ្លី។

លោក គង់ វុទ្ធី បន្តថា សារជាតិម្សៅស ដែលភាសាបច្ចេកទេសហៅថា សូល្យូមសូលហ្វីត មានមានតួនាទីធ្វើឲ្យប្អក ប្រហុក អាចសល្អ មើលទៅសស្រស់ ដោយឡែកសារជាតិ Borax មានតួនាទីរក្សាស្ថានភាពដើម ប្អក និងប្រហុក ​ល្អបានយូរ ដែលសារជាតិទាំង២នេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សុខភាពពលរដ្ឋ។

លោក បញ្ជាក់ថា ក្នុងនាមជាមន្ត្រីពាក់ព័ន្ធ នាឱកាសបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីត ដែលជិតនឹងខិតចូលមកដល់នៅពេលខាងមុខនេះ លោកសុំធ្វើការអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបររកស៊ីលក់ដូរនូវទំនិញ អ៊ីវ៉ាន់ ក៏ដូចជាម្ហូមអាហារហូបចុកជាដើម សូមបញ្ឈប់រាល់នូវសកម្មភាពលក់ដូរទំនិញ ដែលមានលាយលំនូវសារជាតិ ដែលច្បាប់បានហាមឃាត់ ពិសេសសារជាតិ (Borax) ដែលវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សុំបងប្អូនមេត្តាបញ្ឈប់សកម្មភាពនេះបន្ទាន់ ជៀសវៀងការលក់ដូរដើម្បី បំពេញតែផលចំណេញផ្ទាល់ខ្លួន ហើយបែរជាត្រឡប់មកបំផ្លាញសុខភាព​ របស់ពលរដ្ឋទូទៅនៅក្នុងប្រទេសនោះទេ ប៉ុន្តែប្រសិនបើបងប្អូនចង់បន្តលក់ដូចធម្មតា សូមមេត្តាដាក់លក់នូវទំនិញណា ដែលមិនមានលាយលំនូវសារជាតិគីមីផ្សេងៗ ពិសេសសារជាតិទាំង២ខាងលើ ដែលច្បាប់បានហាមឃាត់៕