(កណ្តាល)៖ ក្នុងនាមលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងលោកស្រី ឯកលោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានចុះសំណេះសំណាល និងពិនិត្យមើលការរស់នៅបណ្តោះអាស្នននិងហាត់សមរបស់ក្រុមកីឡាករទូក (ង) ចំនួន៥២៥នាក់ ដែលមកពីខេត្តតាកែវ នៅព្រឹកថ្ងៃច័ន្ទទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងវត្តមហាអម្ពវ័ន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។

នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤-១៥-ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ខេត្តតាកែវ ក៏ដូចជាខេត្តដទៃៗទៀតដែរ បានត្រៀមទូកងចំនួន០៦គ្រឿង ដែលមានកីឡាករចំណុះទូកសរុបចំនួន៥២៥នាក់ (ពេញសិទ្ធិ៤៣១នាក់ និងបំរុង៧៩នាក់) ក្នុងនោះមានចំណាត់ថ្នាក់ជាទូកគូពិសេសល្បឿនលឿនចំនួន៥ទូក និងគូធម្មតាចំនួន១ទូក សម្រាប់ចូលរួមប្រណាំងអបអរសាទរព្រះរាជពិធីបុណ្យអុំទូកនេះ ។

នៅក្នុងបរិយាកាសសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយក្រុមកីឡាករទូកទាំងអស់  លោកបណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានលើកទឹកចិត្តដោយផ្តល់នូវថវិកាចំនួន ៥០លានរៀល សំរាប់ការចាយវាយ ស្នាក់នៅ ហូបចុករបស់កីឡាករអុំទូកខេត្តតាកែវ និងផ្តល់ជាអង្រឹង មុង និងសំលៀកបំពាក់ សំរាប់ការហ្វឹកហាត់ ដែលជាអំណោយសប្បុរសធម៌របស់ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំង ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ។

ទន្ទឹមនឹងនោះ លោកបានក្រើនរំលឹកដល់កីឡាករទាំងអស់ សូមពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំ យកចិត្តទុកដាក់ជួយមើលថែសុខទុក្ខគ្នាទៅវិញទៅមក សំរាកអោយបានពេញលេញ ហូបចុកឲ្យបានឆ្ញាញ់ពិសា និងប្រឹងប្រៀងហ្វឹកហាត់ឲ្យបានខ្លាំងខ្លា ជៀសវាងការពិសារគ្រឿងស្រវឹងក្នុងពេលហ្វឹកហាត់ ជាពិសេសត្រូវត្រឡប់ទៅគេហដ្ឋានវិញ ដោយនាំយកនូវជ័យជំនះ សំរាប់ខេត្តតាកែវទាំងមូល ព្រមទាំងថវិកាឧបត្ថម្ពមួយចំនួន សំរាប់ប្រពន្ធកូនដេលនៅរង់ចាំឯផ្ទះ ។

 លោកក៏បញ្ជាក់ផងដែរថា ការប្រកួតប្រជែងតែងតែមានការចាញ់ -ឈ្នះ ជាធម្មតា ប៉ុន្តែការត្រឡប់ទៅវិញដោយនាំយកនូវជ័យជំនះជូនខេត្ត គឺជាមោទនភាពដ៏ធំធេងសំរាប់កីឡាករយើង ។

នៅចុងបញ្ចប់លោកក៏បានបញ្ជាក់បន្ថែមថា លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ  និងលោក សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបូរីជលសារ បាននាំយកនូវថវិកាចំនួន ១០លានរៀល ឧបត្ថម្ភដល់កីឡាករ និងក្រុមការងារទាំងអស់ផងដែរ។

ដោយឡែកនៅថ្ងៃច័ន្ទទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង១៥៖៣០នាទីរសៀល មានការរៀបចំពិធីបញ្ចុះទូកទៅក្នុងទន្លេដើម្បីធ្វើការប្រកួតក្នុងក្រុម  ក្រោមអធិបតីភាពរបស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងលោកស្រីដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយគ្រប់ស្រុក ក្រុង ទូទាំងខេត្តតាកែវ និងសប្បុរសជននានា៕

[Forwarded from Pa Chetha]