(ភ្នំពេញ)៖ ប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនោះ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក ឈាង វុន តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សកម្មជនដែលនៅជាមួយនឹង CNRP ប្រៀបដូចជាការហូបចេកខ្ចី ហើយពេលពួកគេ មកចូលរួមជាមួយ CPP នោះ ប្រៀបបីដូចជាការបក និងហូបចេកទុំដូច្នោះដែរ។

ឆ្លើយតបនឹងការរិះគន់នេះ លោក ឈាង វុន បានលើកឡើងថា «អ្នកធ្លាប់ហូបចេញខ្ចី ទើបដឹងថាពិបាកបកនិងចត់ ដូច្នេះហើយទើបគេងាក មកបក និងហូបចេកទុំដែលមានរសជាតិផ្អែម»។ ជាមួយគ្នានេះ លោកបានបន្ថែមថា «សមាជិកគណបក្សសង្រ្គោះជាតិ ធ្លាប់ពាក់អាវមួយដែលគេឆ្លងកាត់ភាពជូចត់ ក្នុងគណបក្សបក្សនេះ ទើបគេងាកមកចូលគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ និងសមាជិករបស់ខ្លួន»។

ការលើកឡើងរបស់ លោក ឈាង វុន បានធ្វើឡើងបន្ទាប់ពី លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានសរសេររិះគន់នៅលើ បណ្តាញសង្គម Facebook ជាមួយនឹងការបង្ហោះរូបភាពសកម្មជនគាំទ្រ គណបក្សសង្គ្រោះជាតិ នៅឃុំកុមារាជា ស្រុកបាទី ដែលបានសម្រេចចិត្តដុតអាវ និងដូរអាវ ចាកចេញពីគណបក្សសង្រ្គោះជាតិ ហើយពាក់អាវ និងចូលរួមនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

លោក អេង ឆៃអ៊ាង បានរិះគន់ចំពោះរឿងនេះថា «ដូរអាវគឺងាយដូចបកផ្លែចេកទុំ តែដូរចិត្តគឺលំបាកដូចបកផ្លែចេកខ្ចី។ វប្បធម៌ដូរអាវនេះ គេឃើញគណបក្ស ប្រជាជនកម្ពុជាធ្វើតាំងពីឆ្នាំ ១៩៩៣ ម៉្លេះ តែលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ កន្លងមក បញ្ជាក់ថា "អាវដូរបាន តែចិត្តដូរមិនបានទេ"»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ ចំនួន២១៥នាក់ នៅក្នុងឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ក្នុងនោះត្រូវបានគេរាយការណ៍ថា មានទាំងសមាជិកគណៈអចិន្ត្រៃយ៍បក្សឃុំ និងសកម្មជនលេចធ្លោនៅតាមភូមិក្នុងឃុំដែលមកពីកូតា សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានស្ម័គ្រចិត្ត ផ្តាច់ខ្លួនចូលមករួមក្នុងជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

ពិធីបញ្ចូលសមាជិកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមារាជា៕