(ភ្នំពេញ)៖ លោក Williams Matthews ប្រធានក្រុមហ៊ុន Moo Moo Co,.LTD បានថ្លែងថា លោកកំពុងពិចារណាចិញ្ចឹមគោយកទឹកដោះផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងប្រទេសកម្ពុជា ហើយក៏កំពុងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

លោក Williams Matthews បានថ្លែងដូច្នេះក្នុងពេលរូបលោកត្រូវបានរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អនុញ្ញាតឲ្យចូលជួបសំណេះ​សំណាលការងារនៅ​រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនោះ លោក Williams Matthews បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងសាកល្បងចិញ្ចឹមគោយកទឹកដោះ ចំនួន ២៥ក្បាល ដើម្បីផ្សាំគោទាំងនោះទៅនឹង​អាកាសធាតុរបស់​កម្ពុជា។ លោកបន្តថា ក្រោយពីបានសាកល្បងចិញ្ចឹមមួយរយៈគោទាំងនោះមានសុខភាពល្អ និងអាចទប់ទល់ទៅនឹងអាកាសធាតុកម្ពុជាបានផងដែរ។

លោក Williams Matthews ក្រុមហ៊ុនរបស់លោកបានចាប់អារម្មណ៍ផ្លាស់ប្តូរពីការផលិតម្សៅទឹកដោះគោទៅជាទឹកដោះស្រស់ ហើយក៏មានផែនការនាំចូលគោបន្ថែមចំនួន ៣០០ក្បាល នៅក្នុងឆ្នាំ​២០១៧ ខាងមុខនេះ។

លោក វេង សាខុន បានបង្ហាញក្តីរីករាយចំពោះការចាប់អារម្មណ៍វិនិយោគលើការចិញ្ចឹមគោយកទឹកដោះនេះ។ លោករដ្ឋមន្រ្តីថា ការចិញ្ចឹមគោយកទឹកដោះ ជាជំហានមួយថ្មី ដើម្បីកាត់បន្ថយការនាំចូល និងលើកកម្ពស់ការផលិតក្នុងស្រុក ហើយឈានទៅបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យស្វែងយល់បច្ចេកវិទ្យាទំនើបៗក្នុងវិស័យកសិកម្ម។

លោករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនផ្តល់អាទិភាពដល់និស្សិតដែលបញ្ចប់ការសិក្សាពីមុខវិជ្ជាជំនាញបសុសត្វ ក្នុងការបម្រើការងារនៅក្នុងកសិដ្ឋាននេះ ដើម្បីលើកស្ទួយធនធានមនុស្សនៅកម្ពុជា ឲ្យកាន់តែមាន​ភាពជឿនលឿន ហើយឈានទៅពង្រីកការចិញ្ចឹមគោយកទឹកដោះនៅតាមតំបន់ផ្សេងៗទៀតនៃកម្ពុជាឲ្យបានកាន់តែទូលំទូលាយ៕