(ប៉ៃលិន)៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានជួបប្រជុំពិភាក្សាការងារស្តីពី ការនាំចេញនាំចូលផសិផល កសិផលទៅកាន់​ទីផ្សាក្រៅប្រទេស ឲ្យបានរលូន។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន និងលោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្ម នៃប្រទេសថៃ និងប្រធាន អនុប្រធាន សភាពាណិជ្ជ​កម្ម​ទាំង​១៤​ច្រកជាប់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រតិភូសភាពាណិជ្ជកម្មថៃ ជាច្រើននាក់ផងដែរ។ កិច្ចប្រជុំបានពិភាក្សា និងលើកឡើងពី បញ្ហាប្រឈមនៃការនាំចេញកសិផលទៅកាន់ទីផ្សាក្រៅប្រទេស ដើម្បីធ្វើការដោះស្រាយរួមមានដូចជា៖ ១-ការធ្វើវិនិ្នយោគកែឆ្នៃផលិតផល កសិផលតាមបណ្តោយ​ព្រំដែនទាំង១៤ច្រក ទី២-ការជំរុញវិនិ្នយោគរវាងកម្ពុជា និងថៃតាមព្រំដែន ឲ្យបានប្រសើឡើង ទី៣-ការសំរួលពាណិជ្ជកម្ម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទី៤-ការដឹកជញ្ជូនកសិផលទៅក្រៅប្រទេស និងនាំចូលទៅប្រទេសថៃ ឲ្យបានសមស្របតាម កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទី៥-ការ​ពង្រឹង​កិច្ចសហប្រតិ្តបតិការរវាងកម្ពុជា-ថៃ លើវិស័យទេសចរណ៍ឲ្យបានល្អ ទី៦-ស្នើសុំរដ្ឋាភិបាលទាំងពីរកម្ពុជា-ថៃ ពន្យាពេលបើកច្រកអន្តរជាតិ ឲ្យដល់ម៉ោង១២យប់ និងទី៧-យោគ​យល់ផលិតផល​កសិផលរបស់កម្ពុជា ឲ្យនាំចូលប្រទេសថៃ បានដោយរលូត។

ក្នុងនោះដែរ លោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ គឺដើម្បីសហការសាមគ្គីរវាងកម្ពុជា-ថៃ និងពិភាក្សាការងារស្តីពី ការនាំ ចេញនាំចូលកសិផល និងផលិតផលទៅក្រៅប្រទេស ឲ្យមានភាពរលូន ដែលបញ្ហានេះសភាពាណិជ្ជកម្មថៃ-កម្ពុជា ត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លើយតបលើបញ្ហាប្រឈមទាំងអស់នោះ យកទៅដោះស្រាយឲ្យបាន​សមស្រប​ទៅតាមនិតិវិធី។ លោក បន្តថា សភាពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ពី បញ្ហាដែលលើកឡើងខាងលើនេះ ហើយត្រូវធ្វើសំណើទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីរកដំណោះ​ស្រាយឲ្យបាន​សមស្រប និងទទួលបានប្រសិទ្ធិភាព។

ជាមួយគ្នានេះដែរ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានសម្ដែងនូវការកោតសរសើរ ដល់លោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្មថៃ និងប្រតិភូ ដែលបានជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ពេលនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ធ្វើយ៉ាងរកដំណោះស្រាយ ក្នុងនាំចេញនាំចូលកសិផល និងផលិតផល​ទៅក្រៅប្រទេស ឲ្យទទួលបានប្រសិទ្ធិភាព។

លោកស្រី បញ្ជាក់ថា សភាពាណិជ្ជកម្មទាំង១៤ច្រកនៃកម្ពុជា នឹងខិតខំយកចិត្តទុកដាក់ សហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មថៃ ដើម្បីឲ្យការនាំ ចេញនាំចូលកសិផល និងផលិតផលទៅកាន់​ទីផ្សាក្រៅប្រទេសបានល្អ និងសមស្របទៅតាមបទដ្ឋានគតិយុទ្ធ និងបច្ចេកទេស។ លោកស្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មានគោល​នយោបាយបើកទីផ្សារទូលាយ ដោយផ្តល់ឱកាសក្នុងការនាំចេញ កសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សាក្រៅប្រទេស ឲ្យបានទូលំទូលាយដើម្បី ផ្តល់ការងារ និងលើកកម្ពស់ជីវភាពរស់នៅ ប្រជាពល​រដ្ឋឲ្យប្រសើរឡើង៕