(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន​ ផ្លូវការអំពីការបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ប៉ែន សុវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ។

តាមសេចក្តីសម្រេចផ្លូវការនេះ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរៀបចំបុណ្យសពនេះ បែងចែកជា៤ គណៈកម្មការ ក្នុងនោះរួមមាន៖ ទី១.គណៈកម្មការរៀបចំបុណ្យសពមាន លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាប្រធានគណៈកម្មាការ, ទី២.អនុគណៈកម្មការទទួលបន្ទុកពិធីសាសនា និងពិធីផ្លូវការ នៅគេហដ្ឋានពិធីដង្ហែនៅឈាបដ្ឋានដែលមាន លោក ឡេង ប៉េងឡុងជាប្រធាន, ទី៣.អនុគណៈកម្មការទទួលបន្ទុកពិធីការ បដិសណ្ឋារកិច្ច និងព័ត៌មានមាន លោក ហ៊ុល ប៊ុនថា ជាប្រធាន និង ៤.អនុគណៈកម្មការផ្គត់ផ្គង់ និងសន្តិសុខ មានលោក មិត្ត ការ៉េន ជាប្រធាន។

សូមបញ្ជាក់ថា លោក ប៉ែន សុវណ្ណ តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តកំពង់ស្ពឺ និងជាអតីតនាយករដ្ឋមន្ត្រី សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៧៖១៥នាទី ព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគេហដ្ឋានលោកនៅខេត្តតាកែវ។ នេះបើតាមការប្រកាសរបស់គណបក្សសង្រ្គោះជាតិ។

លោក ប៉ែន សុវណ្ណ បានមានជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៨ មករា ២០១៥ បណ្តាលឱ្យលោក មិនអាចបំពេញការងារផ្សេងៗ រហូតមកដល់ពេលនេះ។ លោកត្រូវបាន ក្រុមគ្រួសារយកទៅថែរក្សានៅស្រុកកំណើត នាខេត្តតាកែវ ក្រោយពេលត្រឡប់មកពីព្យាបាល នៅប្រទេសសិង្ហបុរី៕