(ភ្នំពេញ)៖ បន្ទាប់ពីបានដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកមិញនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរសៀលនេះ បានលើកឡើងថា កម្ពុជាមានភ័ព្វសំណាងបំផុតដែលមានព្រះមហាក្សត្រ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍ ដែលធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនខ្លាំងឡើង។

សម្តេចបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាយើងមានភ័ព្វសំណាងដ៏មហាថ្លៃថ្លាបំផុត ដែលយើងមានព្រះហាក្សត្រទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តទូទាំងប្រទេស ជាមួយសន្តិភាព និងការអភិវឌ្ឍដែលធ្វើអោយកម្ពុជា យើងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត»

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារនេះ នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ជាមួយនឹងរូបភាពជាច្រើនសន្លឹក ដែលសម្តេចបានដង្ហែ ព្រះមហាក្សត្រ និង សម្តេចម៉ែ ថ្វាយព្រះរាជកុសលដល់ ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដែលចំនឹងថ្ងៃប្រសូត្ររបស់ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា «ព្រះរាជពិធីនេះធ្វើឡើងដើម្បីយើងទាំងអស់គ្នាបានចងចាំ និងបានថ្លែងនូវអំណរព្រះមហាគុណូបការៈដ៏ថ្លៃថ្លាវិសេសវិសាល និងឧត្តុង្គឧត្តមបំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលក្នុងមួយព្រះជន្មរបស់ព្រះអង្គបានលះបង់ដើម្បីជាតិ សាសនា បូរណភាពទឹកដី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយរីកចម្រើនលេចធ្លោរលើឆាកអន្តរជាតិ បន្ទាប់ពីព្រះអង្គបានទាមទារឯករាជបានពីបារាំងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ១៩៥៣»

សូមបញ្ជាក់ថា អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូត្រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គបានសោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅប្រទេសចិន ក្នុងជន្មាយុ ៩០ព្រះវស្សា៕