(ភ្នំពេញ)៖ ក្រុមហ៊ុនចំនួន៩៥ កំពុងត្រៀមផ្ដល់ឱកាសការងារ ជាង៩ពាន់កន្លែងដល់ប្រជាពលរដ្ឋ តាមរយៈពិព័រណ៍ការងារថ្នាក់ជាតិ ឆ្នាំ២០១៦ ដែលនឹងត្រូវរៀបចំឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)។

លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឱុ្យដឹងថា តាមរយៈពិព័រណ៍នេះ អ្នកដែលមានបំណងចង់ស្វែងរក ការងារធ្វើ នឹងមានឱកាសជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗប្រមាណ ៩៥ក្រុមហ៊ុន ដែលនៅចាំសម្ភាស និងជ្រើសរើសបុគ្គលិកផ្ទាល់ មានដល់ទៅជាង៩ពាន់កន្លែង។

លោកបានបន្ថែមថា «ពិព័រណ៍ការងារថ្នាក់ជាតិនេះ គេធ្វើឡើង២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែវិច្ឆិកា ក្នុងនោះសិស្ស និស្សិត និងប្រជាពលរដ្ឋ អាចចូលទៅទទួលបានព័ត៌មានពីទីផ្សារការងារនៅកម្ពុជា នៅថ្ងៃទី៥-៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់៨យប់»

លោក ហៃ ហ៊ុនឡេង បានបន្តថា ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ និងចង់ទៅចូលរួមក្នុងពិព័រណ៍ការងារនោះត្រូវភ្ជាប់ទៅ ជាមួយប្រវត្តិរូបសង្ខេប ដើម្បីទទួលបានឱកាសការងារភ្លាមៗ នៅក្នុងអំឡុងពេលពិព័រណ៍នេះ។

សូមជម្រាបថា កាលពីឆ្នាំ២០១៥ ពិព័រណ៍ការងារថ្នាក់ជាតិ មានក្រុមហ៊ុនចូលរួមចំនួន ៧៥ក្រុមហ៊ុន ហើយនេះជាឆ្នាំទី៦ហើយ ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំពិព័រណ៍នេះឡើង៕