(ចិន)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចិន- អាស៊ាន លើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល នៅទីក្រុងណាននីងនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងសាធារណៈរដ្ឋប្រជាមានិតចិនចូលរួម។  

នេះគឺជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសុខាភិបាលចិន និងអាស៊ាន ដែលត្រូវបានរៀបចំឡើង ដោយភាគីមិត្តចិន ក្រោមប្រធានបទ «គំនិត ច្នៃប្រឌិតលើកិច្ច សហប្រតិបត្តិការវិស័យសុខាភិបាល សម្រាប់ការអភិវឌ្ឍន៍រួម» ដែលត្រូវបានរៀបចំឡើង ដោយចែកចេញ ជាបួនផ្នែករួមមាន៖

១)-កិច្ចប្រជុំពេញអង្គថ្នាក់ រដ្ឋមន្រ្តីសុខាភិបាលចិន-អាស៊ាន ដែលបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើការអនុវត្ត អនុស្សារណៈ នៃការយោគយល់គ្នារវាងអាស៊ាន-ចិន។

ក្នុងនោះរដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ម៉ម ប៊ុនហេង បានថ្លែងសន្ទរកថា ផ្តោតលើកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងបានគូសបញ្ជាក់ ជូនអក្គប្រជុំថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា វិស័យសុខាភិបាលបានរីកលូតលាស់តាំងពី ហេដ្ឋារេចនាសម្ព័នរូបវ័ន្ត ការបណ្តុះបណ្តាលបុគ្គលិក មន្ត្រីសុខាភិបាលមានជំនាញពេទ្យ បម្រើសេវាចូនប្រជាពលរដ្ឋទូទៅការកើនឡើង នូវការប្រើប្រាស់ សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេច ដែលធ្វើឲ្យកម្ពុជាអាចសម្រេចបាន ទិសដៅអភិវឌ្ឍន៍ សហសវត្សហ៍មុនកាលកំណត់ ការផ្តល់អាទិភាពនានា ក្នុងការលើកស្ទួយសុខភាពប្រជាជនកម្ពុជា។ល។

ក្នុងកិច្ចប្រជុំពេលពិសារអាហារថ្ងៃត្រង់ភាគីកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងវឌ្ឍនភាពដែលបានពីកំណែទម្រង់ វិស័យសុខាភិបាល ដែលបានធ្វើជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៦មកម្ល៉េះ រហូតមកដល់បច្ចប្បន្ន និងជាពិសេសដោយមានការយកចិត្ត ទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្ពុជា បានអនុវត្តន៍ជាបន្តបន្ទាប់ នូវគម្រោងមូលនិធិសមធម៌ សម្រាប់ជួយដល់ជនក្រីក្រប្រហែលជា ៣លាននាក់ នៅទូទាំងប្រទេស និងកំពុងតែពីភាគ្សា ក្នុងការដាក់ចេញនូវគម្រោងគាំពារសុខភាពសង្គម សម្រាប់ក្រុមជនងាយរងគ្រោះ ផ្សេងៗទៀត ក្រៅពីអ្នកក្រីក្រ និងសម្រាប់មន្រ្តីរាជការស៊ីវិល ។ល។ នៅពេលបញ្ចប់កិច្ចប្រជុំនេះ អង្គប្រជុំថ្នាក់រដ្ឋមន្ត្រីសុខាភិបាល ចិន-អាស៊ាននេះ ក៏បានចេញសេចក្តីថ្លែងការរួមគ្នាមួយ ហៅថា «Nanning Declaration» ដោយផ្តោតលើការបន្តកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល។

២)-វេទិកាចិន-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារ និងទប់ស្កាត់ជំងឺឆ្លង។ នៅក្នុងវេទិកានេះ កម្ពុជាបានថ្លែងសន្ទរកថា ក្នុងនាមជា SOMHD Vice-Chair និងបានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រង ទប់ស្កាត់ជំងឺឆ្លងនៅកម្ពុជា ដោយផ្តោតលើបទពិសោធន៍និងបញ្ហា ប្រឈមនានា ក្នុងការទប់ស្កាត់ការចម្លងជំងឺ ដែលកើតមានឡើងជាបន្តបន្ទាប់ នៅប្រទេសលើសកលលោក តែកម្ពុជាបាននិងកំពុង តែខិតខំទប់ស្កាត់ មិនឲ្យជំងឺកើតឡើងថ្មីៗ ចូលមកកម្ពុជា ដូចជាជំងឺអេបូឡា (Ebola) មឺស (MERS) និងហ្ស៊ីកា (ZIKA) ជាដើម ដែលបច្ចុប្បន្ននេះ កម្ពុជាពុំមានការចម្លងករណីជំងឺទាំងនេះ នៅឡើយទេ។

៣)-កិច្ចប្រជុំចិន-អាស៊ាន ស្តីពីទន្តសាស្រ្ត ដែលវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា បានថ្លែងសន្ទរកថាក្នុងពិធីបើក កិច្ចប្រជុំ ដោយផ្តោតលើការយកចិត្តទុកដាក់ លើការពារជំងឺពុកធ្មេញ ដែលភាគច្រើនកើតមានលើកុមារ ដែលនៅតាមសាលារៀន បណ្តាលមក ពីការបរិភោគមិនត្រឹមត្រូវជាពិសេស អាហារដែលមានជាតិស្ករច្រើន និងការបៀមស្ករច្រើន ដោយមិនបានទៅ ពិនិត្យសុខភាពធ្មេញ ឲ្យបានល្អនិងមិនបានថែទាំធ្មេញល្អ ដូចជាការដុសធ្មេញមិនសំរាន្តជាដើម។  ភាគីកម្ពុជាក៏បានធ្វើបទបង្ហាញ ស្តីពីវឌ្ឍនៈភាព នៃវិស័យទន្តសាស្រ្តនៅកម្ពុជាផងដែរ។

៤)-កិច្ចប្រជុំកំពូលចិន-អាស៊ាន ស្តីពីវេជ្ជសាស្រ្តបុរាណ ដែលបានផ្តោតលើការបន្ត កិច្ចសហការលើវិស័យនេះ ហើយកម្ពុជាបានបង្ហាញពី កិច្ចអភិវឌ្ឍន៍លើការងារវេជ្ជសាស្រ្តបុរាណនេះផងដែរ។

កិច្ចប្រជុំនេះ ក្នុងគោលបំណង ជំរុញការអនុវត្តគំនិតផ្តួចផ្តើម ស្តីពីខ្សែក្រវ៉ាត់មួយផ្លូវមួយ (Belt and Road Initiative) និងលើកកំពស់ ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងចិនផ្នែកវេជ្ជសាស្រ្តបុរាណ។

គណៈប្រតិភូកម្ពុជា ក៏បានចូលរួមក្នុងទស្សនកិច្ច Guangxi Botanical Garden of Medicinal Plants ដែលមានផ្ទៃដីទំហំ ២០២ ហិកតា មានកម្មវិធីដាំដុះរុក្ខជាតិឱសថ ការប្រមូលរុក្ខជាតិឱសថ កម្មវិធីអភិរក្ស កម្មវិធីសិក្សាស្រាវជ្រាវ និងកម្មវិធីបណ្តុះបណ្តាលផងដែរ។ ភាគីមិត្តចិន បានស្នើសុំធ្វើកិច្ចប្រតិបត្តិការ លើការថែរក្សាថ្នាលរុក្ខជាតិ បណ្តុះបណ្តាលធនធានមនុស្ស លើថ្នែកវេជ្ជសាស្ត្របុរាណ និងការផលិតឱសថបុរាណនៅកម្ពុជា ដែលនឹងត្រូវបន្តការពិភាគ្សាគ្នាជាបន្តទៀត ដើម្បីរៀបចំជាកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការលើផ្នែកនេះ នៅឆ្នាំក្រោយ៕