(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានស្នើអភិបាលខេត្តស្ទឹងត្រែង ជួយសាងសង់ប្រព័ន្ធហេដ្ឋារចនា សម្ព័ន្ធដូចជាស្ពាន និងផ្លូវ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគេ។ សំណើបានធ្វើឡើងក្នុងពេលដែលប្រជាពលរដ្ឋប្រមាណ ៣៥០នាក់ បានជួបសំណេះសំណាលជាមួយលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី៣០ ខែតុលា ម្សិលមិញនេះ។

ជាកិច្ចឆ្លើយតបនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ លោក ម៉ុម សារឿន បានសម្រេចជួយសាងសង់ផ្លូវលំក្រាលគ្រួសក្រ ហមមួយខ្សែប្រវែងប្រមាណ ៥២គីឡូម៉ែត្រ។ ផ្លូវនេះតភ្ជាប់ភូមិនៅតំបន់ដាច់ស្រយាលចំនួន៥ គឺភូមិភ្លុក ភូមិស្រែគរ ភូមិខ្សាច់ថ្មីធំ ភូមិ ខ្សាច់ថ្មីតូច និងភូមិក្របីជុំ ស្ថិតក្នុងស្រុកសេសាន។

ក្នុងជំនួបសំណេះសំណាលម្សិលមិញនេះ លោក ម៉ុម សារឿន បានរំលឹកទៅដល់ប្រជាពលរដ្ឋថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែងយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងបាន ជំរុញឲ្យមន្ត្រីទាំងអស់ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងន័យនេះ លោក ម៉ុម សារឿន បានជំរុញឲ្យប្រជាពលរដ្ឋលើកនូវរាល់បញ្ហាដែលកំពុងជួបប្រទះប្រាប់មន្រ្តី និងអាជ្ញាធរមូលដ្ឋាន ហើយលោកសន្យាជួយដោះស្រាយនូវបញ្ហាទាំងនោះជូនពួកគាត់។

ក្រោយកិច្ចសំណេះសំណាលលោកអភិបាលខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាថវិកាជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង៣៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀល, មេភូមិ អនុភូមិ ចំនួន១៣នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០,០០០រៀល, ក្រុមប្រឹក្សាឃុំចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣០០០០រៀល, ប្រគេនព្រះសង្ឈចំនួន៥អង្គ ក្នុងមួយអង្គចំនួន ២០,០០០រៀល និងប្រគេនបច្ច័យកសាងវត្តចំនួន ៣០០,០០០រៀល។

ប្រជាពលរដ្ឋនៅភូមិខ្សាច់ថ្មីធំ ឃុំតាឡាត ស្រុក ខេត្តស្ទឹងត្រែង ក៏បានសម្ដែងភាពសប្បាយរីករាយយ៉ាងក្រៃលែង និងបានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានគិតគូរដោះស្រាយពីកង្វល់របស់ ពួកគាត់នៅតាមមូលដ្ឋានផ្ទាល់៕