(ភ្នំពេញ)៖ ឯកអគ្គទូតនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក អ៊ីងហ្គូ ខាស្តេន (Ingo Karsten) បានធ្វើការបង្ហាញនូវ គោលបំណងមួយក្នុងការ​​ជួយកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងជួយកៀរគវិនយោគិនអាល្លឺម៉ង់ ឲ្យចូលមកបណ្ដាក់ទុន ក្នុងប្រទេស​កម្ពុជា ​​កាន់តែច្រើនឡើងៗ។

ការបង្ហាញនូវគោលបំណងនេះ ធ្វើឡើងក្នុងការចូលជួបសម្ដែងការគួរសម ដើម្បីស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច​​ ​​នៅក្នុងប្រទេសកម្ពុជារវាង លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

លោក Ingo Karsten ​​បានបង្ហាញនូវគោបំណងមួយ ដើម្បីជួយទៅដល់កម្ពុជា ក្នុងការកសាងសាលា បណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីផ្តល់ ជំនាញបច្ចេកទេសផ្សេងៗ ដល់យុវជន-យុវនារី សំដៅកាត់បន្ថយបញ្ហាកង្វះជំនាញ ​​និងលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្ម ទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់ និងពិភពលោក ដោយសារអាល្លឺម៉ង់ គឺជាប្រទេសឧស្សាហកម្ម ដែលសម្បូរដោយកម្មករ មានជំនាញខ្ពស់ និងមានបទពិសោធន៍យូរឆ្នាំ។

លោក  ប៉ាន សូរស័ក្ដិ បានជម្រាបជូនទៅលោកឯកអគ្គទូត អំពី​​លក្ខណៈអំណោយផល នៃទីតាំងភូមិសាស្ត្រ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលសម្រេចបានជាង៧% រៀងរាល់ឆ្នាំ និងបានលើកយក អំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងអ្វីៗ លើកលែងតែអាវុធ (EBA) ផ្តល់ដោយសហគមន៍អឺរ៉ុប និងកិច្ចព្រមព្រៀងអនុគ្រោះពន្ធទូទៅថ្មី (GSP) សម្រាប់កាបូបដាក់សម្ភារៈ ធ្វើដំណើរផលិតនៅកម្ពុជា ផ្តល់ដោយសហរដ្ឋអាមេរិក ព្រមទាំងកិច្ចព្រមព្រៀងអនុគ្រោះពន្ធ៩៧% សម្រាប់ផលិតផលកសិកម្ម ផ្តល់ដោយប្រទេសចិន មកជម្រាបជូនឯកអគ្គរដ្ឋទូតផងដែរ។

លោករដ្ឋមន្ដ្រីក៏បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទាំងអស់នេះ ជាមួយគោលអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) និងគោលនយោបាយលើក ទឹកចិត្តផ្សេងៗ បានធ្វើឲ្យកម្ពុជាកំពុងក្លាយ ជាចំណុចទាក់ទាញសម្រាប់ វិនិយោគិនធំៗនៅលើពិភពលោក។

លោករដ្ឋមន្រ្ដីបាន​​ បានចង្អុរបង្ហាញពីសក្តានុពល នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការចាំបាច់សម្រាប់ជំនាញមួយចំនួន ដើម្បីបម្រើដល់ការអភិវឌ្ឍ ឧស្សាហកម្មធុនស្រាល នៅក្នុងប្រទេសកម្ពុជា។

លោក Ingo Karsten បានធ្វើការអបអរសាទរ ចំពោះប្រទេសកម្ពុជា និងសមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានបានបង្ហាញ ជំនឿថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ ក្នុងការប្រើប្រាស់វិស័យពាណិជ្ជកម្ម និងឧស្សាកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសំដៅក្លាយជាប្រទេស ដ៏ទំនើប ជឿនលឿនមួយនៅក្នុងអនាគតកាលដ៏ខ្លីខាងមុខ។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូត បានសន្យានឹងជួយកៀងគរវិនិយោគិន ពីប្រទេសអាល្លឺម៉ង់ ឲ្យចូលមកបណ្តាក់ទុនលើវិស័យ សំខាន់ៗនៅកម្ពុជា កាន់តែច្រើនថែមទៀតផង។

សូមបញ្ជាក់ថា កម្ពុជាគឺដៃគូពាណិជ្ជកម្មទី ៧៥ របស់អាល្លឺម៉ង់ កាលពីឆ្នាំ ២០១៥ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់មានទំហំ ១,២៣៤ ប៊ីលានយូរ៉ូ បើធៀបនឹងឆ្នាំ ២០១៤ គឺបានកើនឡើងជាង ២០% ហើយក្នុងពេលដំណាលគ្នានេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរពីអាល្លឺម៉ង់ចំនួន ៨៩០០០នាក់ កាលពីឆ្នាំ២០១៥៕