(ភ្នំពេញ)៖ ដោយមានការណែនាំពីនាយឧត្តម្ភសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល​រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក អេង សោភា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើសន្និសីទ សារព័ត៌មានមួយដោយដាក់​បង្ហាញមុខ ជនសង្ស័យម្នាក់ជាឃាតក សម្លាប់សង្សាររបស់ខ្លួននៅក្នុងផ្ទះ​សំណាក់យីហោ «អូយេស» កាលពីថ្ងៃទី២៥ ខែតុលា។ ជាលទ្ធផលត្រូវកម្លាំងនគរបាល​ជំនាញ សហការតាមប្រម៉ាញ់រហូត​បង្ក្រាបបាន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចម្លុកភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួន និងបង្ហាញមុខនាពេលនេះមានឈ្មោះ ចាន់ សុភ័ក្ត្រ ហៅពៅ អាយុ៣៨ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ និងមានស្រុកកំណើតនៅឯ​ខេត្តព្រះវិហារ។ រីឯជនរងគ្រោះឈ្មោះ អាង វណ្ណា ហៅលីលី អាយុ២២ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ​យីហោ ហេងហេង នៅដេអិន ស្នាក់នៅផ្ទះជួល១៦C-១៦D ផ្លូវលេខ១១២ ស្ថិតក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អេង សោភា បានឲ្យដឹងទៀតថា ក្រោយស្រាវជ្រាវជាច្រើនម៉ោង ទើបដឹងថា ស្ត្រីរងគ្រោះជាអ្នកបម្រើការងារ​នៅហាងខារ៉ាអូខេ ដោយមានការទំនាក់ទំនង​គ្នា​ជាមួយជន​សង្ស័យតាំង​ពីឆ្នាំ​២០១៤មកម្ល៉េះ តាមរយះការចូលផឹកស៊ីច្រើនលើកច្រើនសារ នៅខារ៉ាអូខេយីហោ ហេងហេង ដែលមានទីតាំងក្បែរដេអិន ហើយតែងតែណាត់ជួបគ្នាតាមផ្ទះសំណាក់ផ្សេងៗ ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានបញ្ជាក់ពីដំណើររឿងថា នៅមុនពេលកើតហេតុថា នៅយប់ថ្ងៃទី២៤ ជនសង្ស័យខាងលើ បានជិះម៉ូតូឌុបចេញពីផ្សារញ៉ែ​ក្នុងបំណងទៅជួលផ្ទះ​សំណាក់យីហោ អូយេស ក្នុងបន្ទប់លេខ២០C ជាន់ទី៣ដែលជាចំណុចកើត​ហេតុដើម្បីដេក ស្រាប់តែដល់វេលាយប់​ជ្រៅបន្តិច ក៏លេចមុខស្ត្រីរងគ្រោះ​បានមកដល់ផ្ទះ​សំណាក់សួររកបន្ទប់ ដែលជន​សង្ស័យបានជួល​ស្នាក់នៅ ព្រមទាំងបានឡើងទៅដេកជាមួយគ្នា​ថែមទៀតផង។ លុះដល់វេលា​យប់ជ្រៅបន្តិច ស្ត្រីរងគ្រោះបានសុំជន​សង្ស័យ ដែលជាសង្សារដើម្បីត្រឡប់​ទៅផ្ទះវិញ តែជនសង្ស័យ​មិនព្រម ឡើយទើបមានការ​ឈ្លោះប្រកែកគ្នា នៅក្នុងបន្ទប់ដោយជនសង្ស័យ​បានចោទប្រកាន់លើ​ជនរងគ្រោះថា មានប្រុសច្រើន ខណៈនោះស្ត្រីរងគ្រោះ​បានយកទូរស័ព្ទ​មកឆាតលេង​ជាមួយប្រុស និងបានបង្ហាញរូបថត​អ្នកដែល​ស្រឡាញ់ខ្លួន ឲ្យជនសង្ស័យមើល ទើបបណ្ដាលឲ្យជនសង្ស័យ​ជាប្រុសស្នេហ៍ ខឹងក៏ស្ទុះទៅធ្វើសកម្មភាព​សង្កត់ពីលើខ្ទប់​មាត់ច្របាច់ក ទាល់តែដាច់ដង្ហើម​ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ខណៈដែលជនសង្ស័យ​មិនទាន់អស់ចិត្តខ្លាច​ក្រែងជនរងគ្រោះ​មិនទាន់ស្លាប់ក៏យក​កន្សែងពោះ​គោមកហែក​រួចរិតកបន្ថែមទៀត ដើម្បីបញ្ចប់ជីវិតឲ្យអស់​សង្ស័យតែម្ដង។

លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា បន្ទាប់ពីជនសង្ស័យសម្លាប់សង្សាររួចហើយ ក៏ធ្វើសកម្មភាពដោះ​យកគ្រឿងអលង្ការ​មានខ្សែប្លាក់ទីនមួយខ្សែ និងកងដៃប្លាក់ទីន​ចំនួន៣កង ព្រមទាំងយកទូរស័ព្ទ​មួយគ្រឿងរត់គេចខ្លួន ដើម្បីយកគ្រឿងអលង្ការ​ទៅលក់បានប្រាក់​៣៦៥ដុល្លារ និងទូរស័ព្ទ​បានប្រាក់២០០ដុល្លារ រួចជនសង្ស័យជិះរថយន្ដតាក់ស៊ីគេចខ្លួន​ទៅខេត្តព្រះសីហនុ​បាត់ស្រមោល។ លុះដល់ព្រឹកថ្ងៃទី២៥ ខែតុលា ត្រូវអ្នករៀបចំបន្ទប់បាន​គោះទ្វារដើម្បី​បោសសម្អាត ស្រាប់តែឃើញជនរងគ្រោះ​ដេកស្លាប់យ៉ាងអាណោចអាធម៌​នៅលើគ្រែបាត់​ទៅហើយ។

ដូចពាក្យចាស់ពោលថា មានតែកុកទេ​ដែលភ្លេចជុង ប៉ុន្តែជុងពុំដែលភ្លេចកុកឡើយ រយៈពេល៥ថ្ងៃក្រោយ មកត្រឹមថ្ងៃទី២៩ ខែតុលា ជនសង្ស័យ​បានត្រឡប់មកវិញ ក៏ត្រូវកម្លាំងនគរបាល​ជំនាញ​ព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលមូល​ដ្ឋានខណ្ឌទួលគោក និងខណ្ឌដូនពេញ រួមនិងកម្លាំងនាយដ្ឋាននគរបាល​សន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការ​នគរបាលជាតិ ព្រមទាំងមានការសម្រប​សម្រួលពី​លោក សៀង សុខ ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញផងនោះ កម្លាំងនគរបាលតាមប្រម៉ាញ់​រហូតឃាត់ខ្លួនជន​សង្ស័យ បាននៅប្លុក​ភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ព្រមទាំងបន្តស្រាវជ្រាវរកឃើញ ដកហូតវត្ថុតាងជាគ្រឿង​អលង្ការ និងទូរស័ព្ទយកមកប្រគល់​ជូនក្រុមគ្រួសាររបស់ជនរងគ្រោះ​វិញនៅព្រឹកថ្ងៃទី៣១ ខែតុលានេះផងដែរ៕