(ភ្នំពេញ)៖ ព្រោះតែប្រើកណ្តាប់ដៃដែក ចាត់វិធានការណ៍លើសំណង់ខុសច្បាប់ នៅក្នុងទឹកដីរបស់ខ្លួននោះ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានទទួលរងនូវពាក្យបណ្តឹងពីម្ចាស់សំណង់ខុសច្បាប់ទាំងនោះ រហូតដល់សភាថែមទៀតផង។ យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌ បានបង្ហាញនូវគោលជំហរយ៉ាងម៉ឺងម៉ាត់ និងមិនរាថយនោះឡើយចំពោះការងារសង្គមមួយនេះ ពីព្រោះលោកធ្វើទៅតាមច្បាប់របស់ជាតិ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា «រឿងសំណង់អត់ច្បាប់៤ល្វែង តាមផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ដែលជាចំណីទន្លេ ម្ចាស់សំណង់នេះបានប្តឹងខ្ញុំរហូតដល់សភា តែត្រូវអភិបាលរាជធានីភ្នំពេញ ចំណារមកវិញថា ឲ្យខណ្ឌចាត់ការតាមនីតិវិធី»។ ក្នុងកិច្ចប្រជុំនេះ លោក អ៊ាង ស៊ីផាន បានលើកឡើងពីបញ្ហា និងដំណោះស្រាយជាច្រើន ដោយក្នុងនោះ លោកបានផ្តោតសំខាន់ពីបញ្ហាសំណង់អត់ច្បាប់នៅសង្កាត់ព្រែកប្រា តែម្ដង។

លោក អ៊ាង ស៊ីផាន ថ្លែងថា «អ្នកមានតួនាទី ឋានៈ និងមានលុយកាក់ ចេះតែរំលោភបំពារបំពាន។ មិនមែនយើងមិនដឹងទេ យើងដឹងទាំងអស់។ តាមផ្លូវលេខ៣៦៩ រហូតដល់ចំណីទន្លេ គ្មានចេញច្បាប់ឲ្យសាងសង់ទេ តែដោយសារភូមិ និងសង្កាត់ឃុបឃិតគ្នា ក៏លេចសំណង់រឹងមាំ។ បញ្ហានេះ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន»