(ស្ទឹងត្រែង)៖ ឈើប្រភេទលេខ១ជាច្រើនកំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឈរជើងខេត្តស្ទឹងត្រែង បានរកឃើញទីតាំងលាក់ទុកឈើប្រភេទលេខ១ជាង១០០កំណាត់ នៅវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង-ខេត្តស្ទឹងត្រែង។
បើតាមការអះអាងពីជំនាញរដ្ឋបាលព្រៃឈើ ឈើទាំងនោះប្រភេទឈើសុក្រំ កកោះ ធ្នុង និងឈើត្រសេក។

សមត្ថកិច្ចក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើបានចុះបង្ក្រាបសម្មភាពប្រមូលទិញ ដឹកជញ្ជូន ឈើខុសច្បាប់បានជាច្រើនកន្លែង។ ដោយឡែកនៅខេត្តស្ទឹងត្រែងនេះ សមត្ថកិច្ចកំពុងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ ដើម្បីធ្វើការត្រួតពិនិត្យវាស់វែងបញ្ជូនទៅឲ្យជំនាញរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី រួចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត និងបន្តស្រាវជ្រាវរកឲ្យឃើញនូវម្ចាស់ឈើក៏ដូចជាអញ្ញត្តិជន ដើម្បីធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដើម្បីចូលរួមអនុវត្តតាមបទបញ្ជា ក៏ដូចជាគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសព្រៃឈើ៕