(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញវិធានការថ្មីដោយតម្រូវ ឲ្យមន្រ្តីទទួលបន្ទុកផ្នែកផ្លូវថ្នល់នៅគ្រប់រាជធានី ខេត្ត ម្នាក់ដើរប្រមាណ ៣គីឡូម៉ែត្ររៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដើម្បីពិនិត្យមើល ស្ថានភាពផ្លូវ និងបង្កើនប្រសិទ្ធភាពក្នុងការថែទាំងផ្លូវ ក៏ដូចជាជួសជុលផ្លូវសំបុកមាន់ឲ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ដូច្នេះក្នុងពេលបើកការដ្ឋានជួសជុលផ្លូវជាតិលេខ៤ និងផ្លូវនៅក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

ក្នុងពិធីនោះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានឲ្យដឹងផងដែរថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការថែទាំងផ្លូវ និងជួសជុលផ្លុវសំបុក មាន់ លោកបានទិញម៉ូតូកង់៣ ចំនួន ៦៥គ្រឿង និងគ្រោងទិញបន្ថែម ២០០គ្រឿងបន្ថែមទៀត ដើម្បីចែកដល់មន្រ្តីក្រសួងសាធារណការ ផ្នែកថែទាំងផ្លូវនៅទូទាំងរាជធានី ខេត្ត។

បើតាមលោក ស៊ុន ចាន់ថុល នៅក្នុងម៉ូតូកង់បីនេះ មានមនុស្សពីរនាក់ មានម៉ាស៊ីភ្លើងមួយ ភ្លើងហ្វាមួយ ជើងដំរីមួយ ម៉ាស៊ីនបង្ហាប់មួយ មានស្លាកសញ្ញាការដ្ឋាន មានមួក មានស្រោមដៃ មានម៉ាស៊ីនកាត់ស្មៅ និងមានកៅស៊ូត្រជាក់ផងដែរ។ មន្រ្តីទទួលបន្ទុកមើលការថែទាំ ផ្លូវនេះ ត្រូវជិះមើលផ្លូវជារៀងរាល់ថ្ងៃ ហើយពេលឃើញផ្លូវខូចត្រូវធ្វើការជួសជុលភ្លាមៗ កុំឲ្យផ្លូវខូចតូចៗរីកកាន់តែធំ៕