(ព្រះសីហនុ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកទៅដល់មន្រ្តីក្រសួងសាធារណ ការ និងដឹកជញ្ជូនថា ល្មមដល់ពេលត្រូវធ្វើផ្លូវឲ្យជាប់បានយូរទៅតាមស្តង់ដារលក្ខណៈបច្ចេកទេស និងល្មមដល់ពេលបញ្ឈប់ សកម្មភាពចាក់ស្តើងស៊ីក្រាស់។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងរូបលោកផ្ទាល់ផងដែរ លែងចង់ឮពាក្យទិតៀនថា ធ្វើជាប់រហូត ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ ឬចាក់ស្តើងស៊ីក្រាស់បន្តទៅទៀតហើយ។

ការថ្លែងដាស់តឿនក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលដែលរូបលោកទេសរដ្ឋមន្រ្តីអញ្ជើញបើកពិធីជួសជុសជុលផ្លូវជាតិលេខ៤ និងផ្លូវ ក្នុងក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអំពាវនាវដូច្នេះ «សូមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់យើងធ្វើ យ៉ាងណាផ្លូវឲ្យមានគុណភាព ខ្ញុំលែងចង់ឮហើយ សម្តេចលែងចង់ឮហើយនូវពាក្យទិតៀននិយាយថា ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើផ្លូវជាប់រហូត! ជាប់ម៉ែន! ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ មួយទៀតគេនិយាយថា ក្រសួងសាធារណការ និងដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស់ ល្មមឈប់ហើយ ដល់ពេលវេលាយើងធ្វើការងារផ្លូវថ្នល់យើងតាមបច្ចេកជាប់ឲ្យបានយូរ ជាប់បានយូរតាមលក្ខណៈបច្ចេកទេស»

នេះជាការក្រើនរំលឹកជាសាធារណៈថ្មីមួយទៅលើមន្រ្តីក្រោមឱវាទរបស់ខ្លួនពាក់ព័ន្ធទៅនឹងបញ្ហាធ្វើផ្លូវមិនមានគុណភាព បន្ទាប់ពីលោក ស៊ុន ចាន់ថុល បានចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានរយៈពេលប្រមាណជា៦ខែ។ ពាក់ព័ន្ធនឹងការធ្វើ ផ្លូវមិនគ្រប់ស្តង់ដារបច្ចេកទេស និងគ្មានគុណភាពនេះដែរ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីរបស់ខ្លួនកាលពីសប្តាហ៍មុន លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើខ្លាំងៗថា «ក្រសួងនឹងបើកយុទ្ធនាការប្រឆាំងការធ្វើផ្លូវគ្មានគុណភាព»

លោកទេសរដ្ឋមន្រ្តីថា ក្រសួងលែងទទួលយកផ្លូវគ្មានគុណភាពទៀតហើយ ព្រមទាំងជំរុញដល់មន្ត្រីគ្រប់រូប «ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និង ព្យាបាលខ្លួនឯង»

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តី បានចោទជាសំណួរទៅកាន់មន្រ្តីថា «តើយើងចេះខ្មាសរាស្ត្រទេ ដែលរាស្ត្រលោកដឹងថា ផ្លូវនេះ ឬផ្លូវនោះធ្វើគ្មានគុណភាព ខណៈខ្លួនយើងជាមន្ត្រីផ្លូវបែជាមិនដឹងនោះ! ល្មមឈប់ជិះសេះមើលផ្កាទៅ ត្រូវមើលផ្លូវវិញម្តង»

ទន្ទឹមនិងការប្រកាសឲ្យមន្រ្តីបញ្ឈប់ការទទួលយកផ្លូវខ្វះលក្ខណៈបច្ចេកទេសហើយនោះ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្រ្តី ក៏បានប្រកាសអង្វរដល់ក្រុមហ៊ុនដឹកជញ្ជូនបញ្ឈប់សកម្មភាពដឹកជញ្ជូនលើសទម្ងន់នាំឲ្យខូចផ្លូវហើយ។

លោកទេសរដ្ឋមន្រ្តី ក៏បានប្រកាសដាក់ចេញវិធានការក្តៅក្នុងការចាប់កាត់ទ្រុងរថយន្ត ដែលតខុសលក្ខណៈបច្ចេកទេស ដោយមិនមាន ការលើកលែងនោះឡើយ ទោះបីរថយន្តនោះមានម្ចាស់ជាអ្នកមានអំណាច។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាប់កាត់ទាំងអស់រថយន្តតទ្រុងខុសបច្ចេកទេស ទោះបីមានម្ចាស់ពាក់ផ្កាយ ឬលោកខែក៏ដោយចុះ៕