(កំពង់ធំ)៖ បន្ទាប់ពីបានសួរនាំទៅលើអ្នកកាសែត៣នាក់ នៅព្រឹកមិញនោះ អស់រយៈពេលប្រមាណ២ម៉ោង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អ៊ិត សុធា បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅវិញហើយ ដោយរង់ចាំមានចំណាត់ការបន្តទៀត ជុំវិញការចោទប្រកាន់ និងប្តឹងពីសំណាក់ក្រុមហ៊ុនឈ្មោះ «៩៥» ចោយចោទអ្នកកាសែតទាំងនេះថា បានផ្សាយព័ត៌មានមិនពិត។  លោក អ៊ិត សុធា បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះថា «បន្ទាប់ពីបានសួរនាំ យើងបានឲ្យពួកគាត់ត្រឡប់ទៅវិញហើយ ដោយរង់ចាំមានចំណាត់ការបន្តទៀត គឺប្រមូលភស្តុតាង និងសួរនាំសាក្សីទៀត»។ បើតាមលោក ព្រះរាជអាជ្ញា នៅពេលដែលសួរនាំនោះ ពួកគេខ្លះបានទទួលស្គាល់ថារថយន្តនោះដឹកកៅស៊ូមែន តែនៅពេលរាយការណ៍ទៅមេរបស់ខ្លួនចឹង បែរចេញផ្សាយផ្សេងទៅវិញ។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានកោះហៅអ្នកកាសែត៤នាក់ មកពី៣ស្ថាប័នផ្សេងគ្នា ចូលទៅបំភ្លឺនៅចំពោះមុខតំណាងអយ្យការ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុនឈ្មោះ ៩៥ ចោទប្រកាន់ថា អ្នកកាសែតទាំងនេះ បានផ្សាយព័ត៌មានមិនពិត គឺបរិហាកេរ្តិ៍។

លោក អ៉ិត សុធា បានប្រាប់អង្គភាព Fresh News ថា អ្នកកាសែតទាំង៤នាក់នេះ ត្រូវបានលោកកោះហៅមកបំភ្លឺមែន ដោយសារតែពួកគេ ផ្សាយព័ត៌មានខុសពីការពិត ពាក់ព័ន្ធនឹងកក្រុមហ៊ុនមួយ ឈ្មោះ ៩៥ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បានដឹកកៅស៊ូហើយក្រឡាប់រថយន្ត ស្រាប់តែក្រុមអ្នកកាសែតទៅទារលុយគេមិនបាន ក៏ចុះថារថយន្តដឹកឈើតែម្តង។ លោកបានបញ្ជាក់ថា ករណីនេះខាងមន្រ្តីរដ្ឋបាលព្រៃឈើ បានអះអាងថា ក្រុមហ៊ុនមួយនេះឈប់រកស៊ីឈើហើយ ទើបក្រុមហ៊ុនប្តឹងពីបទបរិហាកេរ្តិ៍តែម្តង។

អ្នកកាសែតទាំង ៤នាក់មកពីស្ថាប័នចំនួន៣ នៅខេត្តកំពង់ធំ ដែលត្រូវព្រះរាជអាជ្ញាកោះហៅនេះ រួមមានលោក ពៅ ប៊ុនថន អ្នករាយការណ៍ព័ត៌មាននៃស្ថាប័នជាតិខ្មែរតែមួយ លោក ប្រាក់ រ៉ាដេត និងលោក ជិន ម៉ន មកពីស្ថាប័នរស្មីឥសាន្ត និងលោក ប្រាក់ ថា មកពីស្ថាប័នទូរទស្សន៍ អឹម.អេស.ជេ (MSJ) ។
យ៉ាងណាក៏ដោយ ពួកគេខ្លះសម្ដែងក្តីបារម្ភ ប៉ុន្តែខ្លះទៀតមិនសូវបារម្ភឡើយចំពោះការកោះហៅនេះ ពីព្រោះយល់ថា ខ្លួនមិនបានធ្វើខុស ទៅនឹងវិជ្ជាជីវៈអ្នកសារព័ត៌មានទេ ព្រោះនៅពេលពួកគេចុះយកព័ត៌មានស្ដីពីរថយន្តមួយគ្រឿងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសណ្ដាន់ ដោយគ្រាន់តែភ្ជាប់ការសង្ស័យថា រថយន្តក្រឡាប់នោះ គឺអាចជារថយន្តដឹកឈើរបស់ឈ្មួញ។
អ្នកកាសែតម្នាក់មកពីស្ថាប័នជាតិខ្មែរតែមួយ លោក ពៅ ប៊ុនថន ឲ្យដឹងថា កាលពីថ្ងៃទី១១ តុលា ក្រុមលោកបានចុះទៅយកព័ត៌មាន ស្ដីពីឡានក្រឡាប់នៅចំណុចឃុំទំរីង ស្រុកសណ្ដាន់ ហើយសង្ស័យថា រថយន្តនេះដឹកឈើរបស់ក្រុមឈ្មួញ៕