(ភ្នំពេញ)៖ ក្រុមអត្តពលិកនៃរាជធានីភ្នំពេញ បានដណ្តើមយកមេដាយចំនួន ២៣គ្រឿងច្រើនជាងគេ ដោយបានរុញច្រាន ក្រុមអត្តពលិកមកពីខេត្តកំពតធ្លាក់មកនៅត្រឹមលេខ៣ បណ្តោះអាសន្នវិញគិតត្រឹមថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០១៦ ក្នុងការប្រកួតកីឡាជាតិ លើកទី១ ជាប្រវត្តិសាស្រ្តតាំងពីថ្ងៃទី២៥ ខែតុលាមក។

ការប្រកួតដែលបានដំណើរការប្រកួតអស់រយៈពេល ៥ថ្ងៃមកនេះនៅ៣ទីតាំងផ្សេងគ្នា រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវ មុនពិធីបើកជាផ្លូវការធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅពហុកីឡដ្ឋានជាតិ ក្រុមខេត្តកំពតជា ខេត្តតែមួយគត់ ដែលបាននាំមុខគេ ក្នុងនាមជាក្រុមដែលប្រមូលយកមេដាយច្រើនជាងគេឈរនៅកំពូលតារាងរយៈ ពេល៤ថ្ងៃជាប់ៗគ្នា ក្នុងចំណោម១៥ប្រភេទកីឡាដែលដាក់ឲ្យប្រកួត។

រាជធានីភ្នំពេញ ជាខេត្តដែលមានអត្តពលិកចូលរួមប្រកួតច្រើនជាងគេ និងគ្រប់វិញ្ញាសាទាំងអស់ក្នុងចំណោម ២៥ខេត្ត-ក្រុងទៅ ១៥ប្រភេទកីឡា ចែកចេញជា ១៨០វិញ្ញាសា និងមានអត្តពលិកចូលរួមសរុប ២៧០០នាក់។

យោងតាមការបូកសរុបលទ្ធផលឲ្យដឹងពីអគ្គនាយកដ្ឋានកីឡាបានបញ្ជាក់ថា មកទល់ពេលនេះក្រុមអត្តពលិករាជធានីភ្នំពេញ ដណ្ដើមបានមេដាយសរុប ២៣គ្រឿង ក្នុងនោះមានមេដាយមាស៩ មេដាយប្រាក់១០ និងមេដាយសំរឹទ្ធ៥ ហើយតាមពីក្រោយដោយក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស៩ មេដាយប្រាក់៣ និងមេដាយសំរឹទ្ធ៥។

ដោយឡែកក្រុមអត្ពលិកកីឡានៃខេត្តកំពត ដែលធ្លាក់ពីកំពូលតារាងមកឈរលេខរៀងទី៣ គឺដណ្ដើមបានមេដាយសរុប ១៥គ្រឿង ក្នុងនោះមានមេដាយមាស៧ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៤។ រីឯខេត្ត-ក្រុង និងក្រសួងចំនួន ១៤ស្ថាប័នផ្សេងទៀត ក៏ដណ្ដើមបានមេដាយជាបន្ដបន្ទាប់ផងដែរ គ្រាដែលកីឡា ២ប្រភេទ ត្រូវបានបញ្ចប់ គឺកីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ ហើយការប្រកួតគ្រោងនឹងបញ្ចប់នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ៕