(កំពង់ធំ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ លោក អិុត សុធា បានកោះហៅអ្នកកាសែត៤នាក់ មកពី៣ស្ថាប័នផ្សេងគ្នា ចូលទៅបំភ្លឺនៅចំពោះមុខតំណាងអយ្យការ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុនឈ្មោះ ៩៥ ចោទប្រកាន់ថា អ្នកកាសែតទាំងនេះ បានផ្សាយព័ត៌មានមិនពិត គឺបរិហាកេរ្តិ៍។

លោក អិុត សុធា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣១ ខែតុលា នេះថា អ្នកកាសែតទាំង៤នាក់នេះ ត្រូវបានលោកកោះហៅមកបំភ្លឺមែន ដោយសារតែពួកគេ ផ្សាយព័ត៌មានខុសពីការពិត ពាក់ព័ន្ធនឹងកក្រុមហ៊ុនមួយ ឈ្មោះ ៩៥ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ បានដឹកកៅស៊ូហើយក្រឡាប់រថយន្ត ស្រាប់តែក្រុមអ្នកកាសែតទៅទារលុយគេមិនបាន ក៏ចុះថារថយន្តដឹកឈើតែម្តង។ លោកបានបញ្ជាក់ថា ករណីនេះខាងមន្រ្តីរដ្ឋបាលព្រៃឈើ បានអះអាងថា ក្រុមហ៊ុនមួយនេះឈប់រកសីុឈើហើយ ទើបក្រុមហ៊ុនប្តឹងពីបទបរិហាកេរ្តិ៍តែម្តង។

បើតាមព្រះរាជអាជ្ញា នៅព្រឹកថ្ងៃទី៣១ ខែតុលានេះ ពួកគេ៣នាក់ បានចូលមកបំភ្លឺហើយ និងបានទទួលស្គាល់កំហុសមែន ខណ:ម្នាក់ទៀតបានចូលកាលពីពេលថ្មីៗនេះរួចហើយដែរ និងបានសារភាពថា មកពីកូនចៅរបស់គាត់យកព័ត៌មានខុសហើយក៏បានផ្សាយ កែតម្រូវឡើងវិញផងដែរ។

អ្នកកាសែតទាំង ៤​នាក់​មក​ពី​ស្ថាប័ន​ចំនួន​៣ នៅ​ខេត្ត​កំពង់ធំ ដែលត្រូវព្រះរាជអាជ្ញាកោះហៅនេះ រួម​មាន​លោក ពៅ ប៊ុនថន អ្នក​រាយការណ៍​ព័ត៌មាន​នៃ​ស្ថាប័ន​ជាតិ​ខ្មែរ​តែ​មួយ លោក ប្រាក់ រ៉ាដេត និង​លោក ជិន ម៉ន មក​ពី​ស្ថាប័ន​រស្មី​ឥសាន្ត និង​លោក ប្រាក់ ថា មក​ពី​ស្ថាប័ន​ទូរទស្សន៍ អឹម.អេស.ជេ (MSJ) ។

យ៉ាងណាក៏ដផយ ពួក​គេ​ខ្លះ​សម្ដែង​ក្តី​បារម្ភ ប៉ុន្តែ​ខ្លះ​ទៀត​មិន​សូវ​បារម្ភ​ឡើយ​ចំពោះ​ការ​កោះ​ហៅ​នេះ ពីព្រោះ​យល់​ថា ខ្លួន​មិន​បាន​ធ្វើ​ខុស​ ទៅ​នឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ទេ ព្រោះ​នៅ​ពេល​ពួក​គេ​ចុះ​យក​ព័ត៌មាន​ស្ដីពី​រថយន្ត​មួយ​គ្រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​សណ្ដាន់ ដោយ​គ្រាន់​តែ​ភ្ជាប់​ការ​សង្ស័យ​ថា រថយន្ត​ក្រឡាប់​នោះ គឺ​អាច​ជា​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ។

អ្នក​កាសែត​ម្នាក់​មក​ពី​ស្ថាប័ន​ជាតិ​ខ្មែរ​តែ​មួយ លោក ពៅ ប៊ុនថន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១១ តុលា ក្រុម​លោក​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ ស្ដីពី​ឡាន​ក្រឡាប់​នៅ​ចំណុច​ឃុំ​ទំរីង ស្រុក​សណ្ដាន់ ហើយសង្ស័យថា រថយន្តនេះដឹកឈើរបស់ក្រុមឈ្មួញ។

គិតត្រឹមវេលាម៉ោងប្រមាណ៩៖៤០នាទីនេះ អ្នកកាសែតទាំង៣នាក់ កំពុងស្ថិតក្រោមការសួរនាំពីព្រះរាជអាជ្ញា នៅឡើយទេ៕