(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៨៖០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ដោយមានរបៀបវារៈដូចខាងក្រោម៖ 

១-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី៧ ស្តីពី ប្រព័ន្ធឆ្លងកាត់គយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លងកាត់ទំនិញ
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពី សេវា
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពី ការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣
៥. ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ៖
៥.១-កិច្ចព្រមព្រៀង ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៥.២-ពិធីសារ ស្តីពី ការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន
៥.៣-ពិធីសារ ស្តីពី ក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។

គួរបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ក្រោយពេល ដែលព្រឹទ្ធសភា បានបើកកិច្ចប្រជុំនៅវេលាម៉ោង០៨៖០០នាទីព្រឹក ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភានៃកម្ពុជា និងសមាជិក សមាជិកាជាច្រើនរូបទៀត៕