(ភ្នំពេញ)៖ ក្រុមយុវជនគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រឆាំងនឹង កញ្ញា កឹម មនោវិទ្យា ដែលហ៊ានរិះគន់ដល់ លោក សម រង្ស៉ី ដែលជាប្រធានគណបក្សសង្រ្គោះជាតិ។ ក្រុមយុវជនគណបក្សសង្រ្គោះជាតិ បានទាមទារឱ្យ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សសង្រ្គោះជាតិ ដាក់ពិន័យចំពោះ កូនស្រីរបស់ លោក កឹម សុខា ម្នាក់នេះ។

សេចក្តីថ្លែងការណ៍របស់  ក្រុមយុវជនគណបក្សសង្រ្គោះជាតិ ដែលបង្ហាញនៅយប់ថ្ងៃទី២៦ ខែតុលានេះ បានធ្វើឡើងបន្ទាប់ពី កញ្ញា កឹម មនោវិទ្យា អនុប្រធា​នផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្រ្គោះជាតិ បានរិះគន់ លោក សម រង្ស៉ី ជាបន្តបន្ទាប់ នៅរយៈពេល២សប្តាហ៍ក្រោយនេះ។ កញ្ញា កឹម មនោវិទ្យា បានរិះគន់លោក សម រង្ស៉ី ចំពោះការលើកឡើងដែលចង់ជាប់ពន្ធនាគារជំនួសសកម្មជន និងមន្រ្តីគណបក្សនៅកម្ពុជា។

ជាងនេះទៅទៀត កញ្ញា មនោវិទ្យា បានប្រកាសនៅលើបណ្តាញ Twitter ថា លោក សម រង្ស៉ី ដល់ពេលដែលត្រូវប្រកាសការនីរទេសរបស់ លោកហើយ ហើយថា ចំពោះរឿងនេះ លោក សម រង្ស៉ី ក៏ឈ្នះ ហើយគណបក្សប្រជាជនកម្ពុជា ក៏ឈ្នះ។

ក្រុមយុវជនគណបក្សសង្រ្គោះជាតិ បានចាត់ទុកថា សម្តីរបស់កញ្ញា កឹម មនោវិទ្យា គឺជាការប្រមាថ ហើយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងវីរភាព រប់សលោក សម រង្ស៉ី ដែលជាមេបក្ស ។ ជាងនេះ  ក្រុមយុវជនគណបក្សសង្រ្គោះជាតិ បានចាត់ទុកថា សម្តីរបស់ កូនស្រី លោក កឹម សុខា នាំឱ្យមានការប្រេះឆាខ្លាំងបំផុតក្នុងជួរគណបក្ស ឬវាជាសញ្ញា ឈានទៅដល់ការបែកបាក់ នៅថ្ងៃខាងមុខឆាប់ៗនេះទៀតផង។

ខាងក្រោមនេះ​គឺជាលិខិតរបស់  ក្រុមយុវជនគណបក្សសង្រ្គោះជាតិ៖