(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ពោលចំខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអ្នកចុច Like កើនដល់ចំនួនជាង៦លាននាក់ហើយ ដែលនេះជាតួលេខខ្ពស់កប់ជាងគេបំផុតនៅប្រទេសកម្ពុជា។ ការគាំទ្រនេះកាន់ តែកើនខ្លាំងឡើងៗ ពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្រុមយុវវ័យតែម្តង។

កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ Facebook សម្តេចតេជោ មានចំនួនជាង៥លាននាក់ ប៉ុន្តែនៅពេលនេះបានកើនឡើងជាង៦លាននាក់ហើយ ដែលនេះជាប់ចំណាត់ថ្នាក់លេខ១នៅកម្ពុជា។

សកម្មភាពដ៏រស់រវើករបស់ប្រមុខរាជរដ្ឋាភិបាល អំពីការដឹកនាំការងារប្រចាំថ្ងៃ សម្រាប់ប្រទេសជាតិ ទទួលបានការទាក់ទាញប្រជាប្រិយភាព និងគាំទ្រយ៉ាងខ្លាំង ទាំងអ្នកចូលមើល និងចុច Like, Comment និង Share យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពលរដ្ឋកម្ពុជា ជាពិសេសយុវជនកាន់តែ មានភាពជិតស្និទ្ធ និងទទួលបាននូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ពីសម្តេចតេជោ។ Facebook សម្តេចតេជោ គឺបានផ្តល់នូវដំណោះស្រាយ ល្អៗជាច្រើនដល់ប្រទេសជាតិ។ ប្រជាពលរដ្ឋសប្បាយចិត្ត និងពេញចិត្តចំពោះចំណាត់​ការ​ដ៏ត្រឹមត្រូវរបស់សម្តេច កន្លងមកដែលលើកតម្កើង ផលប្រយោជន៍សង្គមជាតិជាធំ។

សកម្មភាព និងពាក្យពេចន៍ សម្តេចតេជោ ក្នុងបណ្តាញសង្គម Facebook គឺផ្តល់នូវការអប់រំ ដាស់តឿន ជំរុញលើកទឹកចិត្តដល់ពលរដ្ឋ និងយុវជនឲ្យធ្វើអំពើល្អ គោរពច្បាប់ និងចូលរួមកសាងសង្គម​ជាតិឲ្យរីកចម្រើន ផ្តល់នូវដំណោះស្រាយបានលឿន និងមានប្រសិទ្ឋិភាពជូនពលរដ្ឋ ទៅតាមការជឿនលឿននៃបច្ចេកវិទ្យា (E-Government) ដែលនឹងកាត់បន្ថយអំពើពុករលួយ អយុត្តិធម៌ និងភាព​អសកម្មនៃការងារជាដើម។

អ្នកប្រើប្រាស់ Facebook ជាច្រើនរូបបានលើកឡើងថា ពួកគេពិតជាទទួលបានព័ត៌មានថ្មីៗភ្លាមៗ ពីសកម្មភាពរបស់សម្តេច បូករួមទាំងការ Live ព័ត៌មានពីកម្មវិធីផ្សេងៗ របស់សម្តេចដែល​បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីផ្សេងៗជាច្រើន។ ដែលការ Live ព័ត៌មាននៅលើ Facebook នេះកម្រនឹងឃើញ មានមេដឹកនាំលើពិភពលោកបង្ហាញដូច្នេះទេ។ ក្រៅពីនោះមានកម្មវិធី​កំសាន្តផ្សេងៗ និង ខ្ញុំជាយុវវ័យកម្ពុជា ដែលតែងតែផ្តល់រង្វាន់ល្អៗ ដល់យុវជនរបស់យើង។ សកម្មភាពរបស់សម្តេច បានបង្ហាញពីសកម្មភាពដ៏រស់រវើក និងប្រតិបត្តិការងារជាប្រចាំទាក់ទាញការ​ចូលទស្សនាព័ត៌មាន និងរូបភាពរបស់សម្តេច ហេតុនេះបានជា Facebook របស់សម្តេចទទួលបានការគាំទ្រ (Like) កើនឡើងយ៉ាងឆាប់រហ័សនេះ។

សូមជំរាបថា Facebook របស់សម្តេចបានប្រកាសផ្លូវការថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ដែលកាលណោះមានចំនួនតែ១លាននាក់ប៉ុណ្ណោះ៕