(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ អាជ្ញាធរខណ្ឌមានជ័យ និងអង្គការមូលនិធិឆឺជី-កម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកភ្លៀងជន់លិចផ្ទះសម្បែង ចំនួន២៦៥គ្រួសារ រស់នៅក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ពិធីនេះរៀបចំឡើង ក្រោមវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោក​ ឡុង ង៉ែត អភិបាលរង ខណ្ឌមានជ័យ និងលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ និងមានការចូលរួមពីក្រុមយុវជន ស.ស.យ.ក ខណ្ឌ និងសង្កាត់ផងដែរ ។

អំណោយដែលទទួលបាន ក្នុងមួយគ្រួសារៗ មាន៖ អង្គរ ២០គីឡូក្រាម មី១កេស ធុងដាក់ទឹក១ និងស្បែកជើង កវែងចំនួន៣គូ ព្រមទាំងទឹកសុទ្ឋ១ធុងធំផងដែរ។

លោកឆុង មីងជឺ ប្រធានអង្គការមូលនិធិ ឆឺជី-កម្ពុជា បានអោយដឹងថា នេះគឺជាលើកទី៨ហើយ ដែលអង្គការ របស់យើងសហការជាមួយអាជ្ញាធរខណ្ឌមានជ័យ នាំយកអំណោយសប្បុរសជនមកចែកជូនបងប្អូនរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។ លោក ឆុង មីងជឺ បន្តថាអង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ចូលមកដល់កម្ពុជាក្នុងដើមឆ្នាំ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល៦ឆ្នាំហើយនៅក្នុងប្រទេស មួយនេះ។ មូលនិធិ ឆឺជី បង្កើតឡើង ក្នុងគោលបំណងសំដៅទៅរកដំណោះស្រាយ ក្នុងការដោះទុក្ខលំបាករបស់ ប្រជាជន មិនថាក្នុងតំបន់អាស៊ី ឬអឺរ៉ុបឡើយ។ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា អាចដំណើរការជួយបងប្អូនទៅបាន គឺដោយមានការចាំផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ពី ភិក្ខុនី ដែលរស់នៅក្រៅប្រទេស ដូចជាតៃវ៉ាន់ និងចិនជាដើម ។

ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍អោយដឹងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនោសរីករាយយ៉ាងក្រៃលែង ចំពោះអង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ដែលបាន យកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាករបស់ ប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌមានជ័យរបស់យើង។ ហើយអំណោយដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ យើងនៅពេលនេះ គឺជាសក្ខីភាព មួយដែលសបញ្ជាក់អោយឃើញថា ជាការជួយសង្គ្រោះដោយគ្មានការប្រកាន់ទៅលើពណ៌សប្បុរ ឬសាសនាឡើយ ពោលធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់រាប់អាន ជាទីបំផុតគ្មានគិតគុណគូរលើផលតបស្នងអ្វីទាំងអស់៕