(ហៃទី)៖ អ្នកទោសយ៉ាងហោចណាស់ ១៧៤នាក់បានរត់គេចេញពីពន្ធនាគារមួយកន្លែង ស្ថិតនៅភាគខាងជើង ប្រទេសហៃទី បន្ទាប់ពីពួកគេបានដណ្ដើមកាំភ្លើង និងសម្លាប់ឆ្មាំយាមពន្ធនាគារម្នាក់ ខណៈអ្នកទោស ម្នាក់ក៏បានស្លាប់ផងដែរ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ​នៅថ្ងៃអាទិត្យ ទី២៣ ខែតុលា ឆ្នាំ២០១៦។

សារព័ត៌មានហៃទី La Nouvelliste ​បានរាយការណ៍ថា ឆ្មាំយាមពន្ធនាគារមា្នក់ត្រូវបានសម្លាប់ និង២នាក់ បានរងរបួស រីឯអ្នកទោសម្នាក់ក៏បានស្លាប់ដែរ ហើយពីរនាក់ទៀតត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យដោយសារការ ប៉ះទង្គិចគ្នាដោយហឹង្សានៅក្នុងពន្ធនាគារ Arcahaie​ ស្ថិតនៅបណ្ដោយឆ្នេរសមុទ្រ Arcadins​ នៃភាគពាយព្យ រដ្ឋធានី Port-au- Prince។ ដោយឡែកជុំវិញការហែកគុកទ្រង់ទ្រាយធំនេះដែរ នាយករដ្ឋមន្ត្រីហៃទី លោក Enex Jean-Charles បានគូសបញ្ជាក់ថា អង្គភាពប៉ូលិសពិសេស បានទៅដល់ពន្ធនាគារនោះហើយ ដើម្បី រក្សាសណ្ដាប់ធ្នាប់ឡើងវិញ ក៏ដូចជាផ្ដើមប្រតិបត្តិការតាមប្រមាញ់អ្នកទោសទំាង ១៧៤នាក់ខាងលើ។

សូមជំរាបថា អាជ្ញាធរហៃទីមិនទាន់ទទួលស្គាល់ពីចំនួនអ្នកទោសរត់គេចខ្លួន និងជនរងគ្រោះដែលរាយការណ៍ ដោយសារព័ត៌មាននៅក្នុងស្រុកនៅឡើយទេ ប៉ុន្តែបានថ្កោលទោសយ៉ាងខ្លំាង ចំពោះសកម្មភាពហែកគុក Arcahaie៕