(ភ្នំពេញ)៖ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការសន្យានៅចំពោះមុខឪពុកម្ដាយ ក្មេងអភ័ព្វទាំង២នាក់បងប្អូនបង្កើត ដែលមានជំងឺភ្នែកពីកំណើតថា បើទោះបីត្រូវចំណាយលុយយ៉ាងច្រើនប៉ុណ្ណា ក៏លោកត្រូវតែចំណាយដែរ ដើម្បីព្យាបាលភ្នែកក្មេងទាំង២នាក់នេះ ឲ្យជាសះស្បើយ ហើយសន្យាថានឹងបញ្ជូនទៅបរទេស ដើម្បីព្យាបាល។

ការសន្យារបស់លោកឧកញ៉ា ត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ នៅពេលដែលលោកឧកញ៉ា បានហៅម្ដាយឪពុក រួមជាមួយក្មេងទាំង២ ទៅជួបដើម្បីសាកសួរពីស្ថានភាពជំងឺ។

ឧកញ៉ា ឌួង ឆាយ បញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែតុលាស្អែកនេះ លោកនឹងចាត់ឲ្យក្រុមការងាររបស់លោក នាំក្មេងទាំង២នាក់នេះ ទៅឲ្យលោកគ្រូពេទ្យ ជនជាតិឥណ្ឌាពិនិត្យ ដើម្បីដឹងពីស្ថានភាពជំងឺភ្នែករបស់ក្មេង និងងាយស្រួលលោកពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅបរទេស ថាតើគួរបញ្ជូនទៅព្យាបាលនៅបរទេស ឬត្រូវវះកាត់នៅក្នុងស្រុក។

លោកបន្ដថា «ខ្ញុំជួយក្មេងនេះដោយទឹកចិត្តសប្បុរស បើទោះបីត្រូវចំណាយលុយច្រើនប៉ុណ្ណា ក៏ខ្ញុំត្រូវតែចំណាយដែរ ដើម្បីឲ្យភ្នែកក្មេងទាំង២នាក់នេះ អាចមើលឃើញដូចមនុស្សធម្មតា ទើបបីត្រូវដូរកែវភ្នែកនៅបរទេសក៏ដោយ»

សូមបញ្ជាក់ថា គ្រួសារអភ័ព្វនេះ រស់នៅភូមិបាត់តាជី ឃុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយរបស់ក្មេងអភ័ព្វ ឈ្មោះ ឈិន ថារី អាយុ៣០ឆ្នាំ និងឪពុកឈ្មោះ ឌួង សំណាង អាយុ៣៨ឆ្នាំ មុខរបរជាលក់ផ្កា បានប្រាប់ឲ្យដឹងថា កូនរបស់គាត់ទាំង២នាក់នេះ ទី១-ជាកូនស្រី ឈ្មោះ ឌូង បញ្ញា អាយុ១៤ឆ្នាំ និងទី២-ជាកូនប្រុស ឈ្មោះ ឌួង លីហៀង អាយុ២ឆ្នាំ មានជំងឺភ្នែកតាំងពីកំណើតមកម្ល៉េះ ហើយគាត់ធ្លាប់បានយកកូនទៅបកភ្នែក រួចមកហើយ ប៉ុន្ដែមិនជានោះទេ។

គាត់បន្ថែមថា គ្រូពេទ្យ បាននិយាយថា «ប្រសិនបើចង់ឲ្យភ្នែកកូនរបស់ខ្ញុំ ដូចជាមនុស្សធម្មតាវិញ ទាល់តែធ្វើការវះកាត់ ហើយការវះកាត់នេះ ត្រូវចំណាយលុយច្រើនណាស់ ព្រោះភ្នែកមួយគ្រាប់តម្លៃ ២,០០០ដុល្លារ ឯណោះ ដូច្នេះខ្ញុំមិនមានលុយ ក្នុងការវះកាត់នោះទេ ដោយពេលខ្លះសឹងតែរកលុយទិញម្ហូបមិនបានផង»