(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានប្រកាសអំពីគោលជំហរគណបក្សប្រជាជនកម្ពុជាម្តងទៀតថា គណបក្សកាន់អំណាចមួយនេះ មិនមានជម្លោះជាមួយគណបក្សនយោបាយណាមួយទេ ហើយពេលនេះក៏ពុំមានតម្រូវការចរចា ជាមួយគណបក្សនយោបាយណាមួយដែរ។

ការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានយកឱកាសខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ អំពាវនាវឱ្យអ្នកនយោបាយបញ្ឈប់ការវាយប្រហារគ្នា ហើយវិលទៅរកតុចរចា។

ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នេះ លោក សួស យ៉ារ៉ា តំណាងរាស្រ្តខេត្តព្រះវិហារ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «គណបក្សប្រជាជន មិនមានជម្លោះជាមួយគណបក្សនយោបាយណាទេ ដូច្នេះក៏ពុំមានតម្រូវការចរចាជាមួយគណបក្សណាដែរ។ តម្លៃនៃសេរីភាព និងប្រជាធិបតេយ្យត្រូវបានចែង និងធានាដោយរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣»។

ក្នុងពិធីរំលឹកខួបលើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាថ្ងៃទី២៣ ខែតុលានេះ លោក កឹម សុខា បានអំពាវនាវឱ្យអ្នកនយោបាយខ្មែរ បញ្ឈប់ជាបន្ទាន់នូវការវាយប្រហារគ្នា ដើម្បីឈានទៅរកការរួបរួមដោះស្រាយបញ្ហាជាមួយគ្នា។ លោក កឹម សុខា នៅតែមានជំនឿថា អ្នកនយោបាយខ្មែរនឹងអាចដោះស្រាយបញ្ហានយោបាយនេះ។

លោក កឹម សុខា៖ «ខ្ញុំនៅតែមានជំនឿថា បញ្ហាទាំងឡាយដែលនៅសេសសល់ ក្នុងការអនុវត្តស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសក្តី បញ្ហាជម្លោះនយោបាយបច្ចុប្បន្ននេះក្តី ខ្មែរយើងនឹងអាចដោះស្រាយបាន។ ជាក់ស្តែង ដូចជាអតីតកាល កន្លងទៅនោះ ខ្មែរយើងមានជម្លោះ ប្រដាប់អាវុធជាសង្រ្គាមឈ្លានពាន និងសង្រ្គាមស៊ីវិលផង នៅតែខ្មែរយើងដោះស្រាយបាន»

កាលពីថ្ងៃពុធ កន្លងទៅនេះក្នុងពេលចុះសំណេះសំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកនយោបាយកុំឱ្យយកកិច្ចព្រមព្រៀង​ ទីក្រុងប៉ារីស ដើម្បីគេងចំណេញនយោបាយ។ ចំណែកនៅព្រឹកថ្ងៃអាទិត្យនេះសម្តេចតេជោ ហ៊ុន សែន ក៏បានចំអកឱ្យគណបក្សប្រឆាំងថា ធ្វើខួបនៃកិច្ចព្រៀងទីក្រុងប៉ារីស ទាំងមិនដឹងថាកិច្ចព្រមព្រៀងនោះបែរមុខទៅខាងណាផង។

ហាក់ពន្យល់ជូនគណបក្សសង្រ្គោះជាតិ, លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានរម្លឹកថា ខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ នៃកិច្ចព្រមព្រៀង ក្រុងប៉ារីសថ្ងៃ ២៣ តុលា ១៩៩១-២៣ តុលា ២០១៦ គឺជាព្រឹត្តិការណ៍នៃការចងចាំជាប្រវត្តិសាស្ត្រ ដែលបន្តពីដំណាក់កាលដំបូងនៃថ្ងៃរំដោះ៧ មករា ១៩៧៩ និងការទប់ស្កាត់ការវិលត្រឡប់ពូជសាសន៍ប៉ុលពត។ ជាពិសេសការចងចាំទាំងអស់ នៃខ្លឹមសារកិច្ចព្រមព្រៀងត្រូវបានស្រូបបញ្ចូលទៅក្នុងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលតែមួយគត់ របស់ជាតិសម្រាប់ធានា ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងសេរីភាព។

លោកបានបញ្ជាក់បន្ថែមថា «ស្ថាបនិកទាំងពីររូប ហ៊ុន សែន-សីហនុ បានសម្រេចក្តីប្រាថ្នារបស់ជាតិនិងប្រជាជនគឺ ការកសាងសន្តិភាព និងឯកភាពជាតិ បង្កើតបានកម្ពុជាតែមួយក្រោមដំបូលរដ្ឋធម្មនុញ ជាតិ សាសនា ព្រះមហាក្សត្រ។ ប្រជាជនប្រមាណ ១៥លាននាក់ និងសេរីភាពដែលកំពុងទទួលបានបច្ចុប្បន្ន គឺជាសក្ខីភាពនៃការសងសឹក ទៅលើរបបប្រល័យពូជសាសន៍ ដែលបានសម្លាប់រង្គាលប្រជាជនលើសពី ២លាននាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»

លោកបានបន្ថែមទៀតថា «កម្ពុជាឆ្លងកាត់ដំណាក់កាលរក្សាសន្តិភាព កសាងសន្តិភាព និងបច្ចុប្បន្នគឺកំពុងជំរុញសន្តិភាពឲ្យ បានស្ថិតស្ថេរយូរអង្វែង សំរាប់គ្រប់ជំនាន់តទៅ។ ដូច្នេះគណបក្សនយោបាយទាំងអស់ក៏ដូចអ្នកនយោបាយ និងប្រជាជនគ្រប់រូបត្រូវរួមគ្នាគោរពនិតិរដ្ឋ និងសមិទ្ធិផលសន្តិភាព ដែលទទួលបានដោយលំបាក និងការលះបង់ដ៏ធំធេងរបស់កងទ័ព និងប្រជាជនជាច្រើនជំនាន់មកហើយ។ សូមក្តីចងចាំស្មារតី ៧មករា និង២៣តុលា មាននៅក្នុងអារម្មណ៍ខ្មែរគ្រប់ប្រាណ លើគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីសេចក្តីរុងរឿងរបស់ប្រទេសកម្ពុជា»