(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តរបស់អង្គការ Cambodia Vision មកពីប្រទេសអូស្ត្រាលី សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំនួន៦០នាក់ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Ming Ly បានចុះមកពិនិត្យ និងព្យាបាល ជំងឺភ្នែក និងត្រចៀក ជូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដោយឥតគិតថ្លៃ ក្នុងរយៈ៦ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៨ ខែតុលា ឆ្នាំ២០១៦។

ការចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃនេះ បានធ្វើឡើងនៅ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយមានការ ចូលរួមពី លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំថ្នាក់ដឹកនាំ មួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត របស់អង្គការ Cambodia Vision មកពីប្រទេសអូស្ត្រាលី ដឹកនាំដោយ លោកវេជ្ជបណ្ឌិត Ming Ly បានមកពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់នាពេលនេះ ដោយផ្តោតទៅលើការព្យាបាលជំងឺភ្នែក និងត្រចៀក ដូចជា ភ្នែកឡើងបាយ ដុះកន្ទុយថ្លែន មនុស្សគ និងថ្លង់...។ល។ ព្រមទាំងផ្តល់ថ្នាំសម្រាប់ ទ្រទ្រង់ដល់សេវាព្យាបាលផងដែរ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនដល់ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត មកពីប្រទេសអូស្ត្រាលី រួមនឹងបុគ្គលិកសុខាភិបាលខ្មែរទាំងអស់ ដែលបានចូលរួមក្នុងនាមជាបុគ្គល និងចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ ក្នុងការផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រឈមបញ្ហាសុខភាព ជាពិសេសជំងឺភ្នែក និងត្រចៀកនេះតែម្តង។

លោកអភិបាលខេត្តបន្ដទៀតថា នេះជាឱកាសល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក និងត្រចៀក ហើយកន្លងមកគ្មានលទ្ធភាពព្យាបាល ឥឡូវនេះក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត មកពីប្រទេសអូស្ត្រាលី បានមកពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ ដូច្នេះសូមបងប្អូនអញ្ជើញមកឲ្យបានរួសរាន់ ព្រោះក្រុមគ្រូពេទ្យ មានពេលវេលាតែ៦ថ្ងៃប៉ុណ្ណោះ។

លោកអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត របស់អង្គការ Cambodia Vision មកពីប្រទេសអូស្ត្រាលី បន្តបេសកកម្មជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្នុងខេត្តពោធិ៍សាត់ ឲ្យបានញឹកញាប់។

ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានផ្តល់ជូនវត្ថុកំដរដៃ ជាសារុងម្នាក់៣សារុង ដល់ស្ត្រីដែលកំពុងសម្រាលកូន ព្រមទាំងបន្តចុះសួរសុខទុក្ខ ព្រះតេជគុណ សាន ដែលធ្លាក់ពីលើកុដិ វត្តបន្ទាយដី របួសធ្ងន់ហើយកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍សាត់ផងដែរ៕